ភ្នំពេញ៖ លោក ព្រុំ សុខា ទេសរដ្ឋមន្ត្រី អនុប្រធានប្រចាំការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ណែនាំបែបនេះក្នុងកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២៣ និងលើកទិសដៅ ឆ្នាំ២០២៤ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ក្រោមវត្តមានចូលរួមតំណាងក្រសួង ស្ថាប័ន សមាជិក អង្គភាពពាក់ព័ន្ធ និងអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅអគារមិត្តភាព នៃទីស្ដីការគណៈរដ្ឋមន្ត្រី។
ក្នុងឱកាសនោះ លោកនាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានជម្រាបជូនថា សភាពការណ៍គ្រឿងញៀនទាំងនៅក្របខ័ណ្ឌអន្តរជាតិ តំបន់នៅតែមានការវិវត្តប្រែប្រួលប្រកបដោយក្តីព្រួយបារម្ភ។ ទីផ្សារគ្រឿងញៀនសំយោគបានពង្រីកខ្លួនធំជាងមុនក្នុងពេលគ្រឿងញៀនធម្មជាតិមានការថយចុះ។ ការផលិតគ្រឿងញៀនសំយោគគឺងាយស្រួលក្នុងការផលិត មិនរើសទីតាំងផលិត ងាយរកសារធាតុគីមីផ្សំ ធ្វើឱ្យបរិមាណគ្រឿងញៀនសំយោគបង្រ្កាបបានកើនឡើងខ្លាំង ហើយភាពសុទ្ធមានកម្រិតកាន់តែខ្ពស់លេចឡើងនូវនិន្នាការថ្មីគឺការចាត់តាំងបញ្ជាផលិត ជួញដូរតាមប្រព័ន្ធបច្ចេកវិទ្យា(តាមអនឡាញ)ហើយកម្ពុជាក៏នៅតែបន្តរងការគំរាមកំហែង ពិសេសការរងឥទ្ធិពលគ្រឿងញៀនពីតំបន់ត្រីកោណមាស។
ជាមួយនឹងការសាទរនិងបំពេញបន្ថែមនូវធាតុចូលបន្ថែមលើសេចក្តីព្រាងរបាយការណ៍ត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២៣ លើកទិសដៅឆ្នាំ២០២៤ ពីបណ្តាក្រសួង ស្ថាប័ន អង្គភាព សមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរួចមក ក្នុងនាមលោលសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាឱកាសនោះ លោក ព្រុំ សុខា ទេសរដ្ឋមន្រ្តី អនុប្រធានប្រចាំការ បានណែនាំដល់គ្រប់សមាសភាពត្រូវចូលរួមពង្រឹងប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមវិស័យរៀងៗខ្លួន ដោះស្រាយបញ្ហាប្រឈម ពិសេសកលល្បិច វិធីសាស្រ្ត និងបច្ចេកទេសនៃការដឹកជញ្ជូន ការចែកចាយ ការកែច្នៃផលិតគ្រឿងញៀនរបស់ឧក្រិដ្ឋជន មានអង្គការចាត់តាំងច្បាស់លាស់ មានទ្រង់ទ្រាយធំ និងមានលក្ខណៈកាន់តែស្មុគ្រស្មាញខ្លាំងឡើង៕
ដោយ៖ តារា