ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ ព្រះករុណា ព្រះបាទ សមេ្តច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គ បានសព្វព្រះរាជហឫទ័យ ស្តេចយាងសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយដល់ប្រជារាស្រ្តជាកសិករ ចំនួន៥២៩គ្រួសារ នៅភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់មានព្រះរាជបន្ទូលពាំនាំនូវការផ្តាំផ្ញើនៅការសាកសួរសុខទុក្ខ ពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នូវសេចក្តីនឹករលឹកជាពន់ពេកចំពោះកូនចៅ ចៅទួតរបស់ព្រះមហាក្សត្រីពីចម្ងាយ។
ព្រះមហាក្សត្រ មានព្រះរាជបន្ទូលកោតសសើរ លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើឲ្យប្រទេសទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍គួរស្ញប់ស្ញែងនៅលើឆាកអន្តរាជាតិ ដែលបច្ចុប្បន្នកូនចៅទទួលបានពេញលេញ ការរស់នៅប្រកបដោយសុខសុភមង្គ។
ព្រះមហាក្សត្រ ព្រះអង្គមានព្រះរាជបន្ទូលបន្ថែមថា បច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កម្ពុជារឹតតែទទួលបាននូវភាពកក់ក្តៅបន្ថែម ហើយតទៅអនាគតកូនចៅសម្បូរសប្បាយ និងមានការអភិវឌ្ឍន៍កាន់តែរីកចម្រើន៕
ដោយ៖ សូរិយា