ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញបើកសិក្ខាសាលាស្តីពីប្រសិទ្ធភាពនៃកិច្ចការនាំពាក្យ និងសាធារណៈមតិ ដល់អ្នកនាំពាក្យ និងមន្ត្រីព័ត៌មាននៃក្រសួងយុត្តិធម៌ និងសាលាជម្រះក្តី

ចែករំលែក៖

ភ្នំពេញ​៖​ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា៖ នៅព្រឹកថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤នេះ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង យុត្តិធម៌ បានអញ្ជើញចូលរួមជាអធិបតី និងធ្វើបទបង្ហាញ ក្នុងសិក្ខាសាលា ស្តីពីប្រសិទ្ធិភាពនៃកិច្ចការនាំពាក្យ ព័ត៌មាន និងសាធារណៈមតិ សម្រាប់អ្នកនាំពាក្យ និងមន្ត្រីព័ត៌មាននៃក្រសួងយុត្តិធម៌ និងសាលាជម្រះក្តី ដែលរៀបចំធ្វើនៅសាលមរតកតេជោនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។ សិក្ខាសាលារយៈពេល ៣ថ្ងៃ ពីថ្ងៃទី២៤ ដល់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ត្រូវបានធ្វើឡើង ក្នុងគោលបំណងពង្រឹងសមត្ថភាពរបស់អ្នកនាំពាក្យ និងក្រុមការងារព័ត៌មាន របស់ក្រសួងយុត្តិធម៌, សាលាជម្រះក្តី និង អង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ឱ្យទទួលបាននូវចំណេះដឹងបន្ថែម ដើម្បី អាច ទទួលព័ត៌មាន និងឆ្លើយតប ទៅកាន់អ្នកសារព័ត៌មាន ក៏ដូចជាសាធារណជន ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នៅក្នុង បរិបទនៃប្រទេសកម្ពុជាយើងបច្ចុប្បន្ន ដែលបណ្តាញសង្គម ត្រូវបានប្រជាជនទូទៅ ប្រើប្រាស់ យ៉ាងទូលំទូលាយ ហើយការផ្សព្វផ្សាយ និងការចែករំលែកព័ត៌មាននានា អាចធ្វើឡើងបានដោយងាយស្រួល និងឆាប់រហ័ស, ការងារនាំពាក្យ និងសារព័ត៌មាន គឺជាកិច្ចការដ៏មានសារៈសំខាន់ និងចាំបាច់ ដើម្បីផ្សព្វផ្សាយជូនសាធារណជន ឱ្យបានដឹងនូវព័ត៌មានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ដើម្បីជាមូលដ្ឋានក្នុងការពិចារណា និងវាយតម្លៃប្រកបដោយសុភវិនិច្ឆ័យ អំពីកិច្ចខិតខំប្រឹងប្រែងរបស់វិស័យយុត្តិធម៌ ជាពិសេស ក្នុងកាលៈទេសៈដែល ក្រសួងយុត្តិធម៌ បានដាក់ចេញ នូវការកែទម្រង់ ដ៏សំខាន់ សំដៅ លើកកម្ពស់ សេវា យុត្តិធម៌ និង គុណភាព នៃយុត្តិធម៌ ដែល ជាកិច្ចការអាទិភាព មួយក្នុងចំណោមវិធានការ គន្លឹះទាំង៥ ដាក់ចេញ ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានលើកឡើងផងដែរ អំពីបញ្ហាប្រឈម មួយចំនួន នៅក្នុងកិច្ចការនាំពាក្យ និងសាធារណមតិ ក្នុងវិស័យយុត្តិធម៌ ព្រមទាំងបាន ផ្តល់មតិណែនាំ និងអនុសាសន៍សំខាន់ៗ ដើម្បី បង្កើនប្រសិទ្ធភាព ការងារ ជាពិសេស ជំរុញ ឲ្យ អ្នកនាំពាក្យ និង មន្ត្រីព័ត៌មាន របស់ក្រសួងយុត្តិធម៌ សាលាជម្រះក្តី និង អង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ត្រូវផ្លាស់ប្តូរពីការនាំពាក្យដែលមានលក្ខណៈជាប្រតិកម្ម (Reactive) ដោយចាំតែ ឆ្លើយតបនៅពេលមានការចោទប្រកាន់ ទៅជាការនាំពាក្យដែលមាន ទាំងលក្ខណៈប្រតិកម្ម និង បុរេសកម្ម (Proactive)៕

ដោយ៖ តារា​


ចែករំលែក៖