ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ឆក់កាបូបបានសម្រេចតែរត់មិនរួច

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់ខណៈកំពុងជិះម៉ូតូទើបតែចេញពីផ្ទះ ដើម្បីទៅរកអីញ៉ាំ  ត្រូវបានបុរសជាជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងធ្វើសកម្មភាពឆក់កាបូបបានសម្រេចហើយរួចជនសង្ស័យបានជិះគេចខ្លួនបាត់ស្រមោលនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៣ និង ៣០នាទីរសៀលនៅចំណុចផ្លូវបេតុង (៩៩) ក្រុមទី៧ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ប្រាក់ ចន្ធី ភេទស្រី អាយុ២៩ឆ្នាំ មុខរបរកម្មការិនី មានទីលំនៅផ្ទះលេខ៥៧ ភូមិក្បាលដំរី ឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

ជនសង្ស័យទី១ឈ្មោះ សុទ្ធ ជីវី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅផ្ទះជួល ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ឃាត់ខ្លួន គ្មានសារធាតុញៀន)។

ជនសង្ស័យទី២ឈ្មោះ ផល វិចិត្រ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅផ្ទះជួល ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ឃាត់ខ្លួន គ្មានសារធាតុញៀន)។

សម្ភារៈដកហូតរួមមាន៖

១- ម៉ូតូមួយគ្រឿង ម៉ាក Honda Dream ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤ ពាក់ផ្លាកលេខ ភ្នំពេញ ១KM-៦០៦១

២- ទូរស័ព្ទ ០២គ្រឿង ម៉ាក iphone xs max ពណ៌ខ្មៅ និងម៉ាក Oppo F11 ពណ៌ស្លែ (របស់ជនសង្ស័យ)

៣- កាបូបស្ពាយ ០១ ពណ៌ត្នោត (ប្រគល់ជូនជនរងគ្រោះ)

៤- ទូរស័ព្ទ ០១គ្រឿង ម៉ាក iphone 12 Mini ពណ៌ខ្មៅ (ប្រគល់ជូនជនរងគ្រោះ)

៥- ប្រាក់ចំនួន ១៥០,០០០ រៀល (ប្រគល់ជូនជនរងគ្រោះ)។

  លោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវបានអោយដឹងថា  នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៣ និង ៣០នាទីរសៀល ជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាក Suzuki Nex តាមបណ្តោយផ្លូវបេតុង (៩៩) ពេលជិះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ ០២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Honda Dream បានឃើញជនរងគ្រោះទុកកាបូបស្ពាយនៅទ្រនាប់ជើងម៉ូតូ ឪកាសល្អជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបនោះបានសម្រេច តែក៏ដួលម៉ូតូ ផ្អើលឆោឡោ ដល់អ្នកជិតខាង ស្របពេលកម្លាំងសមត្ថកិច្ចល្បាតនៅជិតនោះបានចុះអន្តរាគមន៍ឃាត់ជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាង នាំមកកាន់ប៉ុស្តិ៍ឫស្សីកែវដើម្បីធ្វើការសាកសួរយកចម្លើយ និងទទួលបណ្តឹងពីជនរងគ្រោះ ចាត់ការតាមផ្លូវច្បាប់៕

ដោយ៖ ជីណា


ចែករំលែក៖