ខេត្តស្វាយរៀង៖ ក្រុមឈ្មួញដើរប្រមូលទិញអាចម៍គោក្របីនៅស្រុកចន្ទ្រានាំចេញទៅប្រទេសវៀតណាម ។
បើតាមប្រជាពលរដ្ឋនៅភូមិគោកតែក ឃុំចន្ទ្រា ស្រុកចន្រ្ទា បានប្រាប់អ្នកសារព័ត៌មានថា រយៈពេល០៣ខែ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣មកដល់ខែមករាឆ្នាំ២០២៤នេះមានឈ្មួញវៀតណាមជាច្រើនបានដើរប្រមូលទិញ អាចម៍គោ អាចម៍ក្របី ដឹកទៅប្រទេសវៀតណាម។
ប្រភពបន្តថា អាចម៍គោ អាចម៍ក្របីស្ងួតក្នុង១ការុងលក់បាន២,៥០០រៀល(១ការុង១៧គីឡូក្រាម) ហើយក្នុង១គ្រួសារអ្នកខ្លះគេចិញ្ចឹមគោនិងក្របីយ៉ាងតិច៣០ក្បាលទៅ១០០ក្បាល។ ដូច្នេះគេប្រមូលអាចម៍គោ ក្របីហាលថ្ងៃ ក្នុង១ខែគ្រួសារខ្លះប្រមូលបានចាប់ពី៥០ការុងទៅ១០០ការុង ដែលគិតជាប្រាក់លក់បាន១២០,០០០រៀលទៅ២៥០,០០០រៀល គ្រួសារខ្លះប្រមូលបាន១៥០ការុង លក់បាន៣៧០,០០០រៀល។
ប្រជាកសិករអ្នកចិញ្ចឹមសត្វគោនិងក្របី បានលើកឡើងថា បើគិតជាមធ្យមក្នុងឃុំចន្ទ្រា យ៉ាងតិចក៏៣០០គ្រួសារដែរដែលចិញ្ចឹមគោក្របី ហើយប្រជាពលរដ្ឋដែលរស់តាមបន្ទាត់ព្រំដែននៃស្រុកចន្ទ្រា គឺមានប្រជាពលរដ្ឋប្រមាណ៨០ភាគរយហើយដែលប្រកបមុខរបរចិញ្ចឹមសត្វគោក្របី គឺមាន០៦ឃុំ មានឃុំចន្ទ្រា ឃុំច្រេស ឃុំគគីរ ឃុំមេ.សថ្ងក ឃុំសំរោង និងឃុំទួលស្តី ដូច្នេះបើរាប់អ្នកចិញ្ចឹមក្របី គឺមិនតិចជាង១ពាន់គ្រួសារទេ ។
ប្រជាកសិករអ្នកចិញ្ចឹមសត្វគោក្របី បានលើកឡើងថា អាចម៍គោក្របីឈ្មួញវៀតណាមប្រមូលទិញឱ្យតម្លៃថោក ប្រសិនបើមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តស្វាយរៀង មានវិធានការទប់ស្កាត់ការនាំចេញអាចម៍គោក្របីទៅប្រទេសជិតខាង ហើយរកទុនវិនិយោគ បង្កើតសហគ្រាសខ្នាតតូចឬខ្នាតមធ្យម ផលិតជីធម្មជាតិនៅមូលដ្ឋាន ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក លាមកសត្វ និងរុក្ខជាតិ កាកសំណល់សំរាម កែច្នៃផលិតជីធម្មជាតិសម្រាប់លក់ចែកជូនប្រជាកសិករប្រើប្រាស់លើដំណាំស្រូវ និងបន្លែបង្កា ជាពិសេសចូលរួមអនុវត្តគោលនយោបាយភូមិមួយផលិតផលមួយ របស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពទើបល្អប្រសើរ។
ទាក់ទិននឹងករណីនេះដែរលោកប៉ែនចន្ធី ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្វាយរៀងបានប្រាប់ថា នៅក្នុងស្រុកចន្ទ្រា មានប្រជាពលរដ្ឋចិញ្ចឹមសត្វគោក្របីសុប១៩,១៣៤ក្បាល ក្នុងនោះសត្វក្របីសរុប៨,៥៣២ក្បាល សត្វគោចំនួន១០,៦០២ក្បាល គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣៕
ដោយ៖ សុថាន