ព័ត៌មានទាន់ហេតុការណ៍៖

ដីព្រៃលិចទឹកនៅខេត្តកំពង់ធំជាតំបន់ហាមឃាត់នៅតំបន់៣ ប្រមាណ៨.០០០ហិកតា ក្នុងភូមិសាស្រ្តស្រុកកំពង់ស្វាយរងការទន្ទ្រាន

ចែករំលែក៖

ខេត្តកំពង់ធំ៖ ដីព្រៃលិចទឹកតំបន់៣ ប្រមាណ៨០០០ហិកតា នៅចំណុចខ្វាក់តូចខ្វាក់ធំ ស្ថិតក្នុងភូមិសាស្រ្តឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កំពុងរងការទន្ទ្រាន ដើម្បីយកធ្វើស្រែប្រាំង ខណៈអាជ្ញាធរខេត្តបើកការស្រាវជ្រាវរកជនល្មើស និងហាមដាច់ខាតចំពោះជនខិលខូចណា ដែលមករុករានទន្ទ្រានរំលោភយកដីរដ្ឋនៅតំបន់៣ មកធ្វើជាកម្មសិទ្ធិរបស់ខ្លួន មុនពេលចេញអនុក្រឹតកាត់ឆ្វៀល។

លោកងួន រតនៈ អភិបាលខេត្តកំពង់ធំលើកឡើងថា ការចុះត្រួតពិនិត្យទីតាំងធ្វើស្រែប្រាំងរបស់ប្រជាពលរដ្ឋ ក្នុងគោលបំណងពិនិត្យបោះបង្គោលព្រំដីដែលឆ្វៀលហើយ និងមិនទាន់ឆ្វៀល ប្រសិនបើបងប្អូនមានក្បាលដីជាប់ជាមួយក្បាលដីរដ្ឋ សូមកុំរុករានទន្ទ្រានបន្តទៀត ពីព្រោះដីព្រៃលិចទឹកតំបន់៣ មានអត្ថប្រយោជន៍ ជាខ្លាំងជម្រកត្រីពងកូន និងសត្វគ្រប់ប្រភេទផងដែរ។

អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋដែលអាស្រ័យផលស្រែប្រាំងនៅដីតំបន់៣ ដែលរាជរដ្ឋា ភិបាលបានកាត់ឆ្វៀលរួចសូមរក្សាឲ្យបានល្អ គោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាល ហាមជាដាច់ខាត មិនអនុញ្ញាតិឲ្យបន្តមានការទន្ទ្រានយកដីរបស់រដ្ឋទៀតឡើយ ដើម្បីកុំមានការពាក់ព័ន្ធជាមួយផ្លូវច្បាប់។ក្នុងនោះសូមបងប្អូនប្រជាពលរដ្ឋមិនត្រូវជឿលើបុគ្គលខិលខួច ដែលណែនាំឲ្យប្រព្រឹត្តទង្វើខុសច្បាប់ទាំងនេះ ក្នុងគោលបំណងប្រយោជន៍បក្ខពួករបស់គេឡើយ។ ផ្ទុយទៅវិញ សូមចូលរួមរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចដើម្បីចុះអន្តរាគមន៍ភ្លាម បើសិនជាឃើញសកម្មភាពដែលជនខិលខូចទាំងនោះកំពុងប្រព្រឹត្ត៕

ដោយ៖ សូរិយា


ចែករំលែក៖