ព័ត៌មានទាន់ហេតុការណ៍៖

ជំនួយការហិរញ្ញវត្ថុដ្ឋបាលឃុំសង្កាត់នៃខេត្តក្រចេះ និងខេត្តស្ទឹងត្រែងជិត ១០០នាក់ ចូលរួមវគ្គបណ្ដុះបណ្ដាលស្តីពី “ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅរដ្ឋបាលឃុំសង្កាត់” នៅខេត្តមណ្ឌលគិរី

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបន្តបើកវគ្គបណ្ដុះបណ្ដាលស្តីពី “ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅរដ្ឋបាលឃុំសង្កាត់” ជូនជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ នៃខេត្តក្រចេះ និង ខេត្តស្ទឹងត្រែងចំនួន ៨២នាក់ ដើម្បីពង្រឹងពង្រីកសមត្ថភាព និង លើកកម្ពស់ចំណេះដឹងពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក នួន ច័ន្ទរិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីលោក លោកស្រី ប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អភិបាលរងខេត្តក្រចេះ ខេត្តស្ទឹងត្រែង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារមណ្ឌលគិរី ខេត្តមណ្ឌលគិរី។ នេះបើយោងការបញ្ជាក់អោយដឹងពីមន្ទីរព័ត៌មាន ខេត្តមណ្ឌលគិរី 

លោក នួន ច័ន្ទរិទ្ធ អនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការលើមុខងារបណ្តុះបណ្ដាល និង វិក្រឹតការ តែងបានយកចិត្តទុកដាក់ខ្ពស់លើការកសាង និងការអភិវឌ្ឍសមត្ថភាព ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ទាំងនៅថ្នាកជាតិ និងថ្នាក់មូលដ្ឋាន ពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សំដៅចូលរួមចំណែកដល់ការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចបានជោគជ័យ។ 

លោក សង្កត់ធ្ងន់ថា ៖ ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ ជាតួអង្គដ៏សំខាន់នៅរដ្ឋបាលឃុំសង្កាត់ ដោយហេតុថា ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ ត្រូវបានបំពាក់ តួនាទី និង ភារកិច្ចស្នូលជាច្រើន ដូចជា រជ្ជទេយ្យករបុរេប្រទាន, រជ្ជទេយ្យករចំណូល, ភ្នាក់ងារបើកផ្ដល់, ជំនួយការមេឃុំចៅសង្កាត់ក្នុងការរៀបចំផែនការ និងគម្រោងថវិកាប្រចាំឆ្នាំ ព្រមទាំងពិនិត្យ គ្រប់គ្រង និងតាមដានការអនុវត្តថវិកា ជាដើម ដែលតួនាទី និង ភារកិច្ចទាំងនេះ ចាំបាច់ត្រូវទទួលបានការបណ្ដុះបណ្ដាល និងវិក្រឹតការ ដើម្បីពង្រឹងពង្រីកសមត្ថភាព ចំណេះដឹង និងជំនាញវិជ្ជាជីវៈ។ លោក បន្ថែមថា ៖ ការបើកវគ្គបណ្ដុះបណ្ដាលនេះ ពិតជាបានឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងការកសាង និងការអភិវឌ្ឍសមត្ថភាពជូនមន្ត្រីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការផ្តោតការយកចិត្តទុកដាក់លើប្រធានបទសំខាន់ៗ ដូចជា នីតិវិធីនៃការរៀបចំ និងអនុវត្តថវិកា, នីតិវិធីរជ្ជទេយ្យបុរេប្រទាន និងកិច្ចបញ្ជិកា, នីតិវិធីរជ្ជទេយ្យចំណូល និងកិច្ចបញ្ជិកា, កិច្ចលទ្ធកម្មសាធារណៈ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដែលជាមុខងារភារកិច្ចរបស់ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ សំដៅលើកកម្ពស់ផលិតភាព និងប្រសិទ្ធភាពការងារ ជាពិសេស ឆ្លើយតបនឹងតម្រូវការរដ្ឋបាលឃុំសង្កាត់ សម្រាប់ការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ 

លោកបានគូសរំលេចបន្ថែមថា ៖ ស្ថិតក្នុងបរិការណ៍វិវត្តនៃបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល រាជរដ្ឋាភិបាល បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) នៅតាមក្រសួងស្ថាប័ន ដើម្បីជំរុញតម្លាភាព សង្គតិភាព ភាពត្រឹមត្រូវ និងទាន់ពេលនៃព័ត៌មាន និងទិន្នន័យហិរញ្ញវត្ថុ សម្រាប់ការវិភាគ ការព្យាករ និង ការសម្រេចចិត្ត ប្រកបដោយប្រសិទ្ធភាព និងភាពគ្រប់ជ្រុងជ្រោយ។ 

លោក ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្តក្រចេះ បានលើកឡើងថា គិតមកទល់ពេលនេះ គឺមានរយៈពេលប្រមាណពីរឆ្នាំហើយ ដែលរដ្ឋបាលឃុំសង្កាត់មានជំនួយការហិរញ្ញវត្ថុ ជាសេនាធិការដល់មេឃុំ ចៅសង្កាត់ លើការងាររៀបចំរបាយការណ៍ហិរញ្ញវត្ថុ ការរៀបចំផែនការ និងគម្រោងថវិកាប្រចាំឆ្នាំ គ្រប់គ្រង ពិនិត្យ និងតាមដានការអនុវត្តថវិកា ។ លោក អភិបាលរង បន្ថែមថា បើទោះបីជាជំនួយការហិរញ្ញវត្ថុ ជាមន្ត្រីដែលមានចំណេះដឹងលើការងារហិរញ្ញវត្ថុ ដែលត្រូវបានជ្រើសរើសឡើងតាមការប្រឡងក្តី ក៏តាមរយៈលទ្ធផលនៃការអនុវត្តការងារកន្លងមកឃើញថា មន្រ្តីទាំងនោះនៅមិនទាន់មានបទពិសោធន៍លើការងាររដ្ឋបាលឃុំសង្កាត់ និង លើទិដ្ឋភាពបច្ចេកទេសខាងគណនេយ្យសាធារណៈ និងថវិកានៅឡើយ ពិសេស ពួកគាត់នៅមិនទាន់យល់ច្បាស់អំពី ការរៀបចំឯកសារគណនេយ្យ ការកត់ត្រាកិច្ចបញ្ចិកាគណនេយ្យ និង ការទូទាត់ចំណាយរជ្ជទេយ្យបុរេប្រទាន ជាដើម ដែលទាមទារនូវការបណ្តុះបណ្តាលបន្ថែមទៀត៕

ដោយ ៖ សិលា


ចែករំលែក៖