ភ្នំពេញ៖«ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ សហគមន៍មូលដ្ឋាន» គឺជាសមិទ្ធផលថ្មីមួយទៀត របស់ក្រសួងបរិស្ថាន ដែលបន្តគាំទ្រលើកកម្ពស់ជីវភាព សហគមន៍មូលដ្ឋាន តាមរយៈការជំរុញទេសចរណ៍ធម្មជាតិ និងកៀរគរការចូលរួមពីវិស័យឯកជន ដើម្បីជម្រើសមុខរបរ ព្រមទាំងលើកទឹកចិត្ត ឱ្យសហគមន៍ដាំដើមឈើដែលមានប្រយោជន៍ និងឈានទៅសហគមន៍អព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។
នេះជាការលើកឡើងរបស់បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន (២០២៤-២០២៨) នាទីស្តីការក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។
ដើម្បីបន្តបេសកកម្ម និងចូលរួមអនុវត្ត «ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន» ឱ្យទទួលបានជោគជ័យលោករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំ ដល់អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួង បរិស្ថានពង្រឹងការអនុវត្តចំណុចអាទិភាពចំនួន៦ ក្នុងនេះមានដូចជា៖
ទី១-ត្រូវបន្តកិច្ចសហការ និងកៀរគរដៃគូ ទាំងស្ថាប័នរដ្ឋ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បី សហការគាំទ្រ ធ្វើអន្តរាគមន៍ និងឆ្លើយតបនូវរាល់កង្វល់ផ្សេងៗរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាលើកកម្ពស់សហគ្រិនភាព និងការវិនិយោគ ជាមួយសហគមន៍តំបន់ការពារធម្មជាតិ លើវិស័យកសិកម្ម ការកែច្នៃអនុផលព្រៃឈើ និងការផ្តល់សេវាទេសចរណ៍ធម្មជាតិ ជាចំណែកមួយយ៉ាងសំខាន់ ក្នុងការចូលរួមអនុវត្ត «ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន» ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
ទី២-ជំរុញ និងលើកទឹកចិត្ត អង្គការដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ឱ្យបន្ស៊ីផែនការសកម្មភាព និងផែនយុទ្ធសាស្រ្តរបស់ខ្លួន ជាមួយនឹង«ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន» ក៏ដូចជា «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ដើម្បីជោគជ័យការងាររួមគ្នា។
ទី៣-បន្តពង្រឹងរចនាសម្ព័ន្ធ និងកសាងសមត្ថភាពបណ្តាញសហគមន៍ថ្នាក់មូលដ្ឋាន សម្រាប់បង្ក លក្ខណៈងាយស្រួលក្នុងការពិគ្រោះយោបល់នានា រវាងសហគមន៍មូលដ្ឋាន និងរាជរដ្ឋាភិបាលក្នុងការស្វែងយល់ពីតម្រូវការ និងបញ្ហាប្រឈមនានា ដើម្បីផ្សព្វផ្សាយ ចូលរួមអនុវត្ត និងត្រួតពិនិត្យ-វាយតម្លៃ «ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន» និង«យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ឱ្យបានសមស្រប និងទូលំទូលាយនៅមូលដ្ឋាន។
ទី៤-បន្តការរៀបចំ និងកែលំអថ្នាលបណ្តុះកូនឈើ ដោយសហការជាមួយមន្ទីរបរិស្ថានរាជធានី-ខេត្ត ដើម្បីបណ្តុះកូនឈើ(ឈើព្រៃនិងឈើហូបផ្លែ) ឱ្យបានយ៉ាងតិច១០ម៉ឺនដើម ក្នុង១ខេត្ត ក្នុង១ឆ្នាំ និងរៀបចំផែនការចែកជូនកូនឈើ ដាំតាមលក្ខណៈបច្ចេកទេស និងថែទាំឱ្យបានសមស្រប សកម្មភាពនេះ គឺជាការចូលរួមអនុវត្ត «ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន» និង«យុទ្ធសាស្រ្តចក្រាវិស័យ បរិស្ថាន» ជាពិសេស «យុទ្ធសាស្រ្តបញ្ចកោណ» ដើម្បីសម្រេចចក្ខុវិស័យ«ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០ភាគរយ នៅឆ្នាំ២០៥០»។
ទី៥-បន្តជំរុញ និងលើកទឹកចិត្ត អង្គការដៃគូ វិស័យឯកជន និងស្ថាប័នពាក់ព័ន្ធ នូវការប្រើប្រាស់ថាមពលកកើតឡើងវិញ ដូចជា ថាមពលពន្លឺព្រះអាទិត្យ និងការប្រើប្រាស់ចង្ក្រានសន្សំសំចៃអុស សន្សំសំចៃទឹក ពង្រឹងការគ្រប់គ្រងសំណល់រឹង-រាវ ឱ្យបានត្រឹមត្រូវ ជាពិសេសបន្តយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅតាមសាលារៀន វត្តអារាម ទីប្រជុំជន និងសហគមន៍ ជាប្រចាំ។
ទី៦-ស្នើឱ្យការចូលរួមតំណាងអង្គការដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ពិនិត្យលទ្ធភាពក្នុងការផ្តល់អ្នកជំនាញលើផ្នែកកសិកម្ម ចិញ្ចឹមសត្វ សិប្បកម្ម កែច្នៃ វេចខ្ចប់ម្ហូបអាហារ សិល្បៈតន្ត្រី ជួសជុលគ្រឿងយន្ត ព្រមទាំងជំនាញផ្សេងៗទៀត ដើម្បីបណ្តុះបណ្តាលដល់ប្រជាសហគមន៍ តំបន់ការពារធម្មជាតិ ក្នុងគោលដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ៕
ដោយ៖ សូរិយា