ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ក្នុងចំណោម៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីហិង្សាដោយចេតនា

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យ២នាក់ក្នុងចំណោម៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីហិង្សាដោយចេតនាបណ្ដាលអោយបុរសម្នាក់រងរបួសក្បាលធ្ងន់ធ្ងរនៅក្រុងបាវិត។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងនារសៀលថ្ងៃទី៣១ខែមករាឆ្នាំ២០២៤ថាជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ វ៉ៃ សារិត  អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្នល់ទទឹង សង្កាត់ច្រកម្ទេស ក្រុងបាវិត(បក្សពួកជនរងគ្រោះ) និងឈ្មោះ សួន មករា  អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្នល់ទទឹង សង្កាត់ច្រកម្ទេស ក្រុងបាវិត ។

ចំណែកជនរងគ្រោះមានឈ្មោះ វ៉ាត ប៊ុនលាភ រងរបួសក្បាលជាទម្ងន់(ស្នាមកាប់នឹងកាំបិត) ហើយបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្តនៅរាជធានីភ្នំពេញទៀត។

ប្រភពបន្តថា  កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១០និង១៥នាទី យប់ នៅចំណុចភូមិថ្នល់ទទឹង សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀងមានករណីប្រើហិង្សាលើគ្នាទៅវិញទៅមកបណ្ដាលអោយឈ្មោះ វ៉ាត ប៊ុនលាភ រងរបួសក្បាលជាទម្ងន់(ស្នាមកាំបិតកាប់ក្បាល) ហើយបានបញ្ជូនទៅសង្គ្រោះបន្តនៅរាជធានីភ្នំពេញ ។

លុះមកដល់ថ្ងៃទី៣០ខែមករាឆ្នាំ២០២៤ វេលាម៉ោង៩និង៤០នាទី សមត្ថកិច្ចជំនាញនៃអធិការដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង និងកម្លាំងប៉ុស្តិ៍នគរបាលច្រកម្ទេស បានធ្វើការចុះស្រាវជ្រាវនៅចំណុចភូមិថ្នល់ទទឹង សង្កាត់ច្រកម្ទេស ក្រុងបាវិត ហើយឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ក្នុងចំណោម៣នាក់យកមកសាកសួរ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋានក្រុងបាវិត រីឯជនសង្ស័យម្នាក់ទៀតឈ្មោះ ពៅ ជា បានរត់គេចខ្លួនបាត់ពីមូលដ្ឋាន សមត្ថកិច្ចកំពុងស្រាវជ្រាវតាមឃាត់ខ្លួនបន្តទៀតដើម្បីចាត់ការតាមច្បាប់៕

ដោយ៖ សុថាន

 


ចែករំលែក៖