ខេត្តបាត់ដំបង៖ ថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២៤ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បាននាំយកថវិកា នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ប្រគល់ជូនគ្រួសារសព និងអញ្ជើញដឹកនាំគណប្រតិភូរយោធភូមិភាគទី៥ គោរពវិញ្ញាណក្ខន្ធ ឧត្តមសេនីយ៍ទោ សំ អុន មេបញ្ជាការរង បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំង ភេរវកម្ម ដែលបានទទួលមរណៈភាពកាលពីថ្ងៃ អង្គារទី៣០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១០.០០នាទីព្រឹក ក្នុងជន្មាយុ ៦៣ឆ្នាំ ដោយរោគាពាធ។ សព ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន នៅគេហដ្ឋាន នៃសព ភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ឧត្តមសេនីយ៍ទោ សេង ធារិន បានពាំនាំការផ្តាំផ្ញើសាក សួរសុខទុក្ខ និងរំលែកទុក្ខ ពីសំណាក់នាយឧត្តម សេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខកងកម្លាំង និងក្រុមគ្រួសារជាប់ជាប្រចាំ ជាមួយគ្នានេះ ក្នុងនាមថ្នាក់ដឹកនាំ ក៏ដូចជាកងកម្លាំង បញ្ជាការដ្ឋានយោធភូមិភាគទី៥ សូមចូលរួមសម្ដែងនូវមរណទុក្ខ ដ៏ក្រៀមក្រំនេះ ព្រមទាំងបានសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះការបាត់បង់ មេបញ្ជាការរង បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ១រូប ដែលកន្លងមកឯកឧត្តមបានលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ចជូនជាតិមាតុភូមិ និងប្រជាជន ទៅ តាមបទបញ្ជារបស់ថ្នាក់លើប្រគល់ជូនបានយ៉ាងល្អ។
ក្នុងឱកាសដ៏ក្រៀមក្រំបំផុតនេះ ឧត្តមសេនីយ៍ទោ សេង ធារិនក៏បាននាំយកថវិកានាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ចំនួន ២.០០០.០០រៀល និងថវិការបស់យោធភូមិភាគទី៥ ចំនួន ១.០០០.០០០រៀល ប្រគល់ជូនដល់គ្រួសារសពផងដែរ។
តំណាងក្រុមគ្រួសារនៃសព បានគោរពថ្លែងនូវអំណរ គុណ យ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ពីថ្នាក់ដឹកនាំ ឯកឧត្តម មេបញ្ជាការ មេបញ្ជាការរង និងសូមអរគុណចំពោះការចូលរួមរំលែកទុក្ខ របស់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ផងដែរ៕
ដោយ៖ សូរិយា