ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញ សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក Yoshihisa Suzuki ប្រធានគណៈកម្មាធិការកិច្ចសហប្រតិបត្តិការធុរកិច្ចមេគង្គ-ជប៉ុន នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន នារាជធានីភ្នំពេញ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមុិញ ។
សូមបញ្ជាក់ថា ៖ នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Yoshihisa Suzuki ប្រធានគណៈកម្មាធិការកិច្ចសហប្រតិបត្តិ ការធុរកិច្ចមេគង្គ-ជប៉ុន នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ជាកិច្ចចាប់ផ្ដើម សម្តេចធិបតី បានស្វាគមន៍ចំពោះ លោក Yoshihisa Suzuki និង គណៈប្រតិភូ ដែល បានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា និងបានសម្តែងសេចក្តីសោមនស្សរីករាយក្នុង ជំនួបពិភាក្សាការងារនាពេលនេះ ដើម្បីពង្រឹងទំនាក់ទំនងរវាងសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ជាមួយ ព្រះរាជាណាចក្រកម្ពុជា ដែលនេះបានបង្ហាញអំពីការចូលរួមចំណែកនៅក្នុងការពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុនលើ ផ្នែកសេដ្ឋកិច្ច និងទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ។
ក្នុងឱកាសនៃជំនួប លោក Yoshihisa Suzuki បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូបានចូលជួបសម្តែងការ គួរសម និងបានសម្តែងនូវការថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបានយកចិត្តទុកដាក់ ក្នុងការគាំទ្រជានិច្ចចំពោះការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកប្រធាន គណៈកម្មាធិការ បានគោរពជម្រាបជូន សម្តេចធិបតី អំពីសកម្មភាពរបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្ម ជប៉ុនជាស្ថាប័នសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏ធំនៅក្នុងប្រទេសជប៉ុន ហើយបច្ចុប្បន្ននេះមានការិយាល័យ ចំនួន ៥១៥ និងមានសមាជិកសរុបប្រមាណជាង ១,២៥ លាននាក់ ដែលផ្ដោតសំខាន់លើវិស័យវាយនភ័ណ្ឌ គ្រឿងម៉ាស៊ីន និងលោហៈធាតុ ថាមពល សារធាតុគីមី អាហារ លំនៅឋាន បច្ចេកវិទ្យាព័ត៌មាន និងហិរញ្ញវត្ថុ។ បន្ថែមលើនេះលោកប្រធានគណៈកម្មាធិការ បានគោរពជម្រាបជូន សម្តេចធិបតី អំពីសកម្មភាព វិនិយោគដែលមានស្រាប់ នៅកម្ពុជា លើវិស័យវាយនភ័ណ្ឌ ការផ្គត់ផ្គង់ឧស្ម័ន និងលើវិស័យកសិកម្ម ដែលផ្ដោតសំខាន់លើដំណាំល្ង និង ពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោកក្នុងការស្វែងយល់ពីការអភិវឌ្ឍសេដ្ឋកិច្ច និងកាលានុវត្តភាព សម្រាប់ការវិនិយោគនៅកម្ពុជា ជាពិសេសការពង្រីកការវិនិយោគលើវិស័យវាយនភ័ណ្ឌ ក្នុងទម្រង់ជា OEM លើសម្ភារៈវាយនភ័ណ្ឌ ដែលបង្ហាញថាផលិតផល ផលិតនៅកម្ពុជា (Made In Cambodia)។ លោកប្រធាន គណៈកម្មាធិការ ក៏បានគោរពជម្រាបជូន សម្តេចធិបតី ផងដែរអំពីសកម្មភាពរបស់គណៈកម្មាធិការកិច្ចសហ ប្រតិបត្តិការធុរកិច្ចមេគង្គ-ជប៉ុន ដែលជាគណៈកម្មាធិការអន្តរជាតិមួយនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្ម ជប៉ុនទទួលបន្ទុកក្នុងការប្រមូលព័ត៌មាន ធ្វើការស្ទង់មតិ និងសិក្សាស្រាវជ្រាវអំពីបរិយាកាសវិនិយោគនិងធុរកិច្ច នៅក្នុងប្រទេសតំបន់មេគង្គ រួមទាំងប្រទេសកម្ពុជាផងដែរ។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះលោក Yoshihisa Suzuki និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពអាជីវកម្មរបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន នៅកម្ពុជានាពេលកន្លងមក។ ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុននៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដែលមានបំណងចង់
ពង្រីកនូវសកម្មភាពវិនិយោគរបស់ខ្លួនបន្ថែមទៀត។ សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីភាពទាក់ទាញនៃច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយលើកទឹកចិត្តសម្រាប់វិនិយោគិន និងធុរជន ដែលធានាបាននូវភាពប្រាកដនិយមចំពោះបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះ និងភាពបត់បែន។
មុននឹងបញ្ចប់ សម្តេចធិបតី សង្ឃឹមយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចរបស់លោក Yoshihisa Suzuki និងគណៈប្រតិភូនាឱកាសនេះ សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុននឹងកាន់តែបង្កើននូវលទ្ធភាព និងការពង្រីក នូវសក្តានុពលវិនិយោគបន្ថែមទៀតនៅកម្ពុជា ជាមួយនឹងភាពជឿជាក់ និងប្រាកដនិយម ហើយរាជរដ្ឋាភិបាលត្រៀម ខ្លួនជានិច្ចក្នុងការសម្របសម្រួល និងសហការជាមួយវិនិយោគិនជប៉ុន ក្នុងវត្ថុបំណងប្រែក្លាយកម្ពុជា ជាទិសដៅ វិនិយោគចម្បង និងជាមជ្ឈមណ្ឌលតំបន់។
ជាទីបញ្ចប់ សម្តេចធិបតី បានជូនពរ លោក Yoshihisa Suzuki ឱ្យទទួលបានជោគជ័យនៅក្នុង ដំណើរទស្សនកិច្ចនៅកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព ៕
ដោយ ៖ សុខ ខេមរា