ខេត្តពោធិ៍សាត់ ៖ ករណីខ្មាន់កាំភ្លើងជិះម៉ូតូមកឈប់មុខផ្ទះរួចដើរចូលទៅបាញ់មនុស្សឆៅៗ បណ្ដាលឱ្យរងរបួសចំនួន០៣នាក់ នៅគ្រាដែលពួកគាត់កំពុងហូបបាយជុំគ្នា រហូតមកដដល់វេលាព្រឹកថ្ងៃសៅរ៍ ៩រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ពុំទាន់មានតម្រុយនៅឡើយទេ ខណៈដែលស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធកំពុងមមាញឹកធ្វើការអង្កេតស្រាវជ្រាវរៀងៗខ្លួន ។
ករណីខ្មាន់កាំភ្លើងបាញ់ប្រហារមនុស្សឆៅៗខាងលើ គឺស្ថិតនៅតាមបណ្ដោយផ្លូវកៅស៊ូ១ខ្សែ ក្នុងភូមិបណ្ដុះសណ្ដែក សង្កាត់បន្ទាយដី ក្រុង/ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោងប្រមាណ១៩ និង០០នាទីយប់ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ។
សមត្ថកិច្ចបង្ហើបជាបឋមថា ជនរងរងរបួសទី១- ឈ្មោះ ទិត្យ កុសល ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាជីវករ(ទិញលក់ត្រី)របួសធ្ងន់កំពុងស្ថិតក្នុងការសង្រ្គោះបន្ទាន់, ទី២-ឈ្មោះ ជា វួចហេង ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្រពន្ធ និងទី៣- ឈ្មោះ ជា ណៃហួយ ភេទស្រី អាយុ៦១ឆ្នាំ ជនជាតិខ្មែរ រងរបួសកំពុងសម្រាកព្យាបាល ។ យោងតាមរូបភាពក្នុងកាមេរ៉ាសុវត្ថិភាព ខ្មាន់កាំភ្លើងមានគ្នា២នាក់ មធ្យោបាយដោយម៉ូតូហុងដាសេ១០០មួយគ្រឿង អ្នកបើកបរម៉ូតូពាក់មួកកាតិប ចំណែកអ្នករួមដំណើរ(ដៃដល់)ពាក់អាវស ពាក់មួកសុវត្ថិភាព បានចុះពីម៉ូតូដើរសំដៅចូលទៅក្នុងផ្ទះដោយដៃមានកាន់អ្វី១ដុំដាក់ទៅលើតុហើយទាញមកវិញ ខណៈនោះដកកាំភ្លើងខ្លីពីចង្កេះបាញ់រះចំនួន០៦គ្រាប់ បណ្ដាលឱ្យជនរងគ្រោះដួលរដូករណែល ភ្លាមនោះជនបង្កបានរត់ឡើងម៉ូតូជិះគេចខ្លួនបាត់ ។
ប្រភពនានាជុំវិញកន្លែងកើតហេតុ ក្រោយកើតហេតុបន្តិចមានសមត្ថកិច្ចចុះមកដល់ដើម្បីធ្វើការពិនិត្យ ហើយនៅវេលាព្រឹកនេះមន្រ្តីមានសមត្ថកិច្ចបន្តចុះមកស្រាវជ្រាវលម្អិត ៕
ដោយ៖ ប៉ឹម ពិន