ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ប្រព័ន្ធរំដោះទឹកកង្វក់ ភូមិសាស្ត្រស្ទឹងមានជ័យ ត្រូវបានស្តារ និងរៀបចំប្រកបដោយរបៀបរៀបរយ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី៤ ខែកុម្ភ ឆ្នាំ២០២៤ បានអោយដឹងថា ៖ ប្រព័ន្ធរំដោះទឹកកង្វក់ ភូមិសាស្ត្រស្ទឹងមានជ័យ ត្រូវបានស្តារ និងរៀបចំប្រកបដោយរបៀបរៀបរយ ។ ប្រព័ន្ធរំដោះទឹកកង្វក់ គឺជាកិច្ចការសំខាន់ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទីក្រុងឱ្យមានសណ្តាប់ធ្នាប់ បរិស្ថានល្អ និងសោភ័ណភាព និងចាំបាច់បំផុត ក្នុងការរំដោះទឹកភ្លៀងនៅរដូវវស្សា ។ 

សម្តេចធិបតី សូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានីភ្នំពេញ ចំពោះស្មារតីបុរេសកម្មដោយការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តបញ្ចកោណទី៤ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ លើការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព​ និងបរិយាបន្ន ដោយមុំទី៤ គឺការពង្រឹងការគ្រប់គ្រង និងការធ្វើទំនើបកម្មនគរូបនីយកម្ម ដែលមានកិច្ចការអាទិភាពចំនួន៥ ហើយកិច្ចការអាទិភាពទី៣ គឺការរៀបចំផែនការមេអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងទីប្រជុំជនសំខាន់ៗ ប្រកបដោយភាពធន់ និងសោភ័ណភាព ព្រមទាំងការពង្រីកនូវប្រព័ន្ធលូរំដោះទឹកភ្លៀង, ប្រព័ន្ធចម្រោះ និងប្រព្រឹត្តកម្មទឹកកង្វក់ ៕ 

ដោយ ៖ សិលា


ចែករំលែក៖