ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ៖ លោក ញឹម គឹមញ៉ុល អតីតអនុប្រធានក្រុមការងារខេត្តព្រះសីហនុ បក្សសង្គ្រោះជាតិ សម្រេចចិត្ដរួមរស់ជីវភាពជាមួយគណបក្សប្រជាជនវិញ

ចែករំលែក៖

 ភ្នំពេញ៖ លោក ញឹម គឹមញ៉ុល អតីតអនុប្រធានក្រុមការងារខេត្តព្រះសីហនុ បក្សសង្គ្រោះជាតិ ស្ម័គ្រចិត្ដរួមរស់ ជីវភាពជាមួយ គណបក្សប្រជាជនកម្ពុជា វិញ ដោយមើលឃើញពីការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត មានចំណេះដឹងខ្ពង់ខ្ពស់ អាចដឹកនាំប្រទេសជាតិកម្ពុជាយើងឱ្យមានភាពរីកចម្រើន ពិសេសដឹកនាំប្រទេសកម្ពុជាដល់ឆ្នាំ២០៣០-២០៥០ ក្លាយជាប្រទេសជឿនលឿន មានចំណូលខ្ពស់ បើទោះបីរូបលោក មិនបានរស់ដល់ឆ្នាំ២០៥០មែន ប៉ុន្តែកូនចៅជំនាន់ក្រោយនឹងមានជីវភាពធូរធារសម្បូរ សប្បាយ។

លោក ញឹម គឹមញ៉ុល បានបញ្ជាក់បែបនេះ ខណៈលោក ផ្ដល់បទសម្ភាសន៏ កាលពីព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ។ 

លោកបន្ដថា៖ លោកសូមអរគុណសម្ដេចអគ្គមហា សេនាបតីតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជា ដែលអនុញ្ញាត ឱ្យ រូបលោក បានរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា និងសូមអរគុណផងដែរចំពោះសម្ដេចបវរធិបតីហ៊ុនម៉ាណែត ដែលសម្ដេចបានសន្ដោសប្រណីដោយធ្វើលិខិតស្នើសុំទៅព្រះមហាក្សត្រឱ្យ លើកលែងទោសចំពោះរូបលោក។

លោកក៏បានចាកចេញពីប្រទេសកម្ពុជាជាច្រើនឆ្នាំដែរហើយ តែពេលត្រឡប់មករាជធានីភ្នំពេញ នាពេលនេះ គឺពិតជាធ្វើឱ្យ លោកមានការភ្ញាក់ផ្អើលដោយរាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស។ ដូច្នេះការ សម្រេចចិត្តរបស់លោកមករស់នៅជីភាពជាមួយគណបក្សប្រជាជនកម្ពុជា វិញពិតជាការសម្រេចចិត្តដ៏ត្រឹមត្រូវ។

ក្នុងឱកាសនោះ លោក ញឹម គឹមញ៉ុល ក៏បានធ្វើការអំពាវនាវទៅដល់បងប្អូនមួយចំនួនដែលបាននិងកំពុងដើរតាមការអូសទាញរបស់ទណ្ឌិតសមរង្ស៊ី សូមក្រឡេកមើលមកប្រទេសកម្ពុជាផង ។ ថាតើ ប្រទេសកម្ពុជាយើងមានការអភិវឌ្ឍ ដល់ណាហើយ កុំចេះតែលឺគេថា ចេះតែជឿតាមគេ យើងមិនបានឃើញជាក់ស្ដែងនោះ។ សម្ដេចតេជោ មានភាពសន្ដោសប្រណីខ្លាំងណាស់។បើយើងចង់រួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាពេលណាគឺសម្ដេចសន្តោសប្រណីឱ្យយើងចូលភ្លាម។

លោកបន្ដថា៖ ខ្មែរក្រហម សម្ដេចតេជោធ្វើការបង្រួបបង្រួមបានចុះរឿងអីយើងខ្មែរ មានតែគណបក្សមួយ ហេតុអី សម្តេចបង្រួបបង្រួមមិនបាននោះ ជាក់ស្ដែងរូបលោកជាទឹកតាងបញ្ជាក់ច្បាស់។ សម្ដេចតេជោហ៊ុនសែននៅអាចដឹកនាំប្រទេសបាន តែសម្ដេចបានផ្ទេរអំណាចទាំងនេះទៅឲ្យក្មេងជំនាន់ក្រោយបន្តដឹកនាំប្រទេស ដែលធ្វើឲ្យយុវជនជំនាន់ក្រោយមានឱកាសបញ្ចេញសមត្ថភាពក្នុងការដឹកនាំកសាងប្រទេសឲ្យមានភាពរីកចម្រើន។ ថ្នាក់ដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជាមិនក្រាញអំណាចទេ។គឺបានផ្ទេរអំណាចទៅឲ្យយុវជនជំនាន់ក្រោយ។

លោកក៏សូមផ្ដាំផ្ញើរ ទៅយុវជនបក្សប្រឆាំងនៅក្រៅប្រទេស ដែលមិនពេញចិត្តចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដោយ ងប់ងល់ទៅនឹងទណ្ឌិតសមរង្ស៊ី សុំចូលមករួមរស់ជាមួយគណៈបក្សប្រជាជនកម្ពុជា ដោយសុំទៅសម្ដេចមហាបវរអធិបតី ដើម្បីស្នើសុំទៅព្រះមហាក្សត្រលើកលែងទោស នោះបងប្អូននិងអាចរួមរួម ជាមួយគណបក្សប្រជាជនកម្ពុជាក៏ដូចជាបានមករស់នៅក្នុងប្រទេសកម្ពុជាបានហើយ៕

ដោយ ៖ សំរិត


ចែករំលែក៖