ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការនគរបាលរាជធានីភ្នំពេញបញ្ជាក់ពីការហាម ឃាត់ក្នុងការ ដុតផាវ និងកាំជ្រួចគ្រប់ប្រភេទក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម

ចែករំលែក៖

ភ្នំពេញ៖ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឱ្យដឹងថា ចាប់ពីដើមឆ្នាំ២០២៤ មកដល់ពេលបច្ចុប្បន្ននេះ ក្នុងរាជធានីភ្នំពេញមានករណីគ្រោះអគ្គិភ័យកើតឡើងស្ទើរតែរាល់ថ្ងៃ។ 

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងបង្ការកុំឲ្យកើតមានគ្រោះអគ្គិភ័យ ជាពិសេសគឺការហាមឃាត់មិនឲ្យដុតផាវ កាំជ្រួចគ្រប់ប្រភេទក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមខាងមុខនេះ។

បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម នឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២៤នេះ ។យោងតាមរបាយការណ៍របស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា នៅរាជធានីភ្នំពេញ ដោយគិតចាប់ពីថ្ងៃទី២ ខែមករា ២០២៤ ដល់ថ្ងៃទី ៦ កុម្ភៈ ២០២៤ ករណីគ្រោះអគ្គិភ័យបានកើតឡើងមានចំនួន ២៧ ករណី។

ស្នងការនគរបាលរាជធានីភ្នំពេញបានណែនាំដល់មន្ត្រីនគរបាលខណ្ឌទាំង ១៤ និងសាធារណជនទាំងអស់ត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ៕

ដោយ៖ សូរិយា


ចែករំលែក៖