ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ប្រចណ្ឌប្រពន្ធខ្លាំងពេកយកភ្លើងដុតផ្ទះត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

   ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានធ្វើការឃាត់ខ្លួនបុរសម្នាក់យកមកសាកសួរ បន្ទាប់ពីយកភ្លើងដុតផ្ទះរបស់ខ្លួនឆេះម៉ត់ដោយសារប្រចណ្ឌប្រពន្ធ ខ្លាំងពេក។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង២៥នាទីរសៀល ថ្ងៃទី ០៧ខែកុម្ភៈឆ្នាំ២០២៤ ស្ថិតនៅភូមិស្រែឫស្សី ឃុំអំពិល ស្រុករមាសហែក ។

   សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា បុរសខាងលើមានឈ្មោះ ឡាយ ចាន់គា អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិស្រែឫស្សី ឃុំអំពិល ស្រុករមាសហែក។

    ចំពោះផ្ទះដែលរងការខូចខាតមានទំហំ៦ម៉ែត្រគុណនឹង៧ម៉ែត្រ សង់អំពីឈើ ជញ្ជាំងស័ង្កសី ដំបូលប្រក់ក្បឿង រនាបក្តារ ឆេះអស់៧០% ។

   ចំណែកសម្ភារខូចខាតរួមមានលុយខ្មែរ ចំនួន៥០ម៉ឺនរៀល ក្រវិលមាសចំនួន៥ហ៊ុន ទូរស័ព្ទម៉ាក oppo ចំនួន០២ គ្រឿង ស្រូវចំនួន០៤ទៃ ប្លង់ដីចំនួន០២ប្លង់ សម្លៀកបំពាក់ មុង ភួយកន្ទេល ខ្នើយមួយចំនួន។

   បុរស ឈ្មោះ ឡាយ ចាន់គា បានប្រាប់ សមត្ថកិច្ចថា មូលហេតុដែលនាំអោយខ្លួនដុតផ្ទះខ្លួនឯងចោលព្រោះតែប្រចណ្ឌប្រពន្ធខ្លាំងពេក ទើបធ្វើអោយគិតខ្លីបែបនេះ។

    បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនាំមកសាកសួរបន្តនៅអធិការដ្ឋាននគរបាលស្រុករមាសហែក៕

ដោយ៖ សុថាន 


ចែករំលែក៖