ព័ត៌មានទាន់ហេតុការណ៍៖

មេធាវីដែលបាញ់សម្លាប់សង្សារលក់អនឡាញនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានទទួលមរណភាពហើយ

ចែករំលែក៖

ភ្នំពេញ ៖ មេធាវីដែលជាជនដៃដល់បាញ់សម្លាប់ សង្សារលក់អនឡាញ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានទទួលមរណភាពហើយ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នាម៉ោង០៥:៣០នាទីល្ងាច ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យនឹងប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

គួរបញ្ជាក់ផងដែរថាករណីឃាតកម្មនេះកើតឡើងកាលពីម៉ោង ៨និង៣០នាទី យប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវ១៩៦៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នារីជនរងគ្រោះមានឈ្មោះ អែម សុវីដេត អាយុ ២៦ឆ្នាំ មុខរបរអ្នកលក់អនឡាញ (ស្លាប់ )។

ជនសង្ស័យមានឈ្មោះ ទូច វឌ្ឍនៈ អាយុ ៣២ឆ្នាំ មុខរបរជាមេធាវី (របួសធ្ងន់បញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យ) ដោយប្រើកាំភ្លើងខ្លីម៉ាក CZp07 និងបានរកឃើញសំបកគ្រាប់ចំនួន៥។

បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ នារីរងគ្រោះបានបើករថយន្តម៉ាក Ford territory ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-4896 ធ្វើដំណើរតាមបណ្តោយផ្លូវ១៩៦៦ ក្នុងទិសដៅពីកើតមកលិច ខណៈបើកមកដល់ចំណុចកើតហេតុ ក៏បានបើកមកឈប់លើចិញ្ចើមផ្លូវក្បែរបុរីមួយកន្លែង ពេលនោះដែរគេឃើញមានរថយន្តមួយគ្រឿងទៀតម៉ាក MG ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BS-8007 បើកបរដោយបុរសជាខ្មាន់កាំភ្លើង ធ្វើដំណើរមកពីក្រោយស្របទិសគ្នា រួចក៏បានបើកមកឈប់នៅពីក្រោយរថយន្តនារីរងគ្រោះ ក្រោយមកនារីរងគ្រោះក៏បានបើកទ្វារចុះពីរថយន្ត ហើយដើរមិនបានប៉ុន្មានជំហ៊ានផងក៏ត្រូវ បុរសជាសង្សារ (ជាខ្មាន់កាំភ្លើង) ចុះពីរថយន្តដកកាំភ្លើងខ្លីបាញ់សំដៅទៅលើនារីរងគ្រោះជាច្រើនគ្រាប់ បណ្តាលឲ្យដេកដួលស្លាប់ក្នុងថ្លុកឈាម ហើយបុរសជាជនដៃដល់យកកាំភ្លើងបាញ់សម្លាប់ខ្លួនឯង តាមក្រោយបណ្តាលឲ្យដួលរងរបួសធ្ងន់ ត្រូវបានដឹកទៅសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ ។

បើតាមសមត្ថកិច្ច និងរូបភាពពីកាម៉ារ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុបានបង្ហាញថា មុនពេលកើតហេតុគេឃើញភាគីខាងស្រីបានចុះពីលើរថយន្តរបស់ខ្លួន រួចដើរសំដៅទៅរកខាងប្រុស ដែលនៅខាងក្រោយ ហើយក៏ឃើញខាងប្រុសចុះពីលើរថយន្តរបស់គេដើរមករកខាងស្រី រួចបានបាញ់ទៅលើក្បាលខាងស្រីរួចបាញ់ថែមពី៣ ទៅ ៤គ្រាប់ទៀត បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។ បន្ទាប់មកបុរសជាខ្មាន់កាំភ្លើងបានបាញ់សៀតផ្កាខ្លួនឯងមួយគ្រាប់បណ្តាលដួលនៅលើផ្លូវ ហើយក៏បានស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

ជនសង្ស័យ និងជនរងគ្រោះ ធ្លាប់មានទំនាក់ទំនងមិនចុះសម្រុងនឹងគ្នា សពប្រគល់ជូន ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ខេត្តសៀមរាប៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖