អឌ្ឍចន្ទក្រហមប៉ាឡេស្ទីនបានប្រកាសថា មនុស្សជាង 60 នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អុីស្រាអែលទៅលើទីក្រុង Rafah នៅភាគខាងត្បូង Gaza Strip ជាទីក្រុងដែលប្រជាជនជាងពាក់កណ្តាលនៃប្រជាជន Gaza កំពុងស្វែងរកការជ្រកកោន។
មុននេះ រ៉យទ័របានរាយការណ៍ថា ការវាយប្រហារតាមអាកាសរបស់អុីស្រាអែលទៅលើជំរំជនភៀសខ្លួនក្នុងទីក្រុង Rafah បានសម្លាប់មនុស្សយ៉ាងហោចណាស់ 37 នាក់ និងរាប់សិបនាក់ទៀតរងរបួស។ មន្ត្រីសុខាភិបាលក្នុងតំបន់បានប្រកាសកាលពីថ្ងៃទី 12 ខែកុម្ភៈ បន្ទាប់ពីពេលដែលប្រធានាធិបតីអាមេរិក Joe Biden បានស្នើសុំអុីស្រាអែលកុំឱ្យវាយប្រហារ Rafah ដោយគ្មានផែនការដ៏គួរឱ្យទុកចិត្តដើម្បីការពារជនស៊ីវិល។ .
ក្រសួងសុខាភិបាលហ្គាហ្សា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យនេះថា ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីនដែលជាលទ្ធផលនៃការវាយប្រហាររបស់អុីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីបបានកើនឡើងដល់ ២៨,១៧៦ នាក់ និង ៦៧,៧៨៤ នាក់ផ្សេងទៀតបានរងរបួស ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២៣មក។
របាយការណ៍បានបន្ថែមថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន ១១២ នាក់ត្រូវបានសម្លាប់ និង១៧៣នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហាររបស់អុីស្រាអែល ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន Wafa បានរាយការណ៍ថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ២៥នាក់ត្រូវបានសម្លាប់ នៅក្នុងការទម្លាក់គ្រាប់បែករបស់អុីស្រាអែលទៅលើផ្ទះមួយនៅក្នុងទីក្រុង Rafah ភាគខាងត្បូងហ្គាហ្សាស្ទ្រីប។
ប្រភពប៉ាឡេស្ទីន ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា អុីស្រាអែលបានបើកការវាយប្រហារតាមអាកាស និងការបាញ់ផ្លោងដោយកាំភ្លើងធំយ៉ាងហិង្សាទៅលើទីក្រុង Khan Yunis, Deir al-Balah, Rafah, និងហ្គាហ្សា ដែលនាំឱ្យមានការសម្លាប់និងរបួសរាប់សិបនាក់ក្នុងរយៈពេលប៉ុន្មានម៉ោងកន្លងទៅនេះ។
អុីស្រាអែលកំពុងបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាស់លើភាគខាងត្បូងអុីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដែលមនុស្សប្រហែល ១,២០០ នាក់ ត្រូវបានសម្លាប់នៅក្នុងអុីស្រាអែល និងជាង២០០នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕ ដោយ៖ ធីរីណា
រូបថត៖ Maxar