ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងអធិការកិច្ចបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ៖ លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃក្រសួងអធិការកិច្ច សរុបចំនួន ៩៦២រូប នាថ្ងៃចន្ទ ៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ។

ក្នុងឱកាសដ៏វិសេសវិសាលនេះលោករដ្ឋមន្រ្តី មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងបំផុត ដែលទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា ធ្វើជាអធិបតីក្នុង ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្វាគមន៍វត្តមានយ៉ាងកក់ក្តៅ ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងសហការី មកពីបណ្តាក្រសួង ស្ថាប័ននានា, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអធិការកិច្ចទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងវត្តមានរបស់រដ្ឋបាលថ្នាក់ ក្រោមជាតិ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងអង្គសន្និបាតដ៏មានសារៈសំខាន់នាពេលនេះ។

លោករដ្ឋមន្រ្តី មានប្រសាសន៍ថា សន្និបាតនៅថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ត្រួតពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផលការងារដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០២៣កន្លងមក និងដាក់ចេញនូវវិធានការ និងទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តបន្តនៅឆ្នាំ២០២៤ លើការងារដឹកនាំ និងគ្រប់គ្រងវិស័យអធិការកិច្ចនៅកម្ពុជា សំដៅរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានស្នូលនៃយុទ្ធសាស្ត្រគឺការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចឱ្យមានប្រសិទ្ធភាព ដើម្បីជាឧត្តមប្រយោជន៍របស់សង្គមជាតិ៕

ដោយ៖ សូរិយា


ចែករំលែក៖