ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី​ នេត្រ​ ភក្ត្រា​ អបអរសាទរទិវាវិទ្យុពិភពលោកលើកទី១៣- ១៣​ ខែកុម្ភៈ ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ នេត្រ​ ភក្ត្រា​ រដ្ឋមន្រ្តីក្រសួងព័ត៌មាន​ នៅព្រឹក​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ សូមអបអរសាទរទិវាវិទ្យុពិភពលោកលើកទី១៣- ១៣​ ខែកុម្ភៈ ឆ្នាំ២០២៤។ 

លោករដ្ឋមន្ត្រី​ នេត្រ​ ភក្ត្រា​ បានបញ្ជាក់ថា​ លោក លោកស្រីម្ចាស់ស្ថានីយវិទ្យុ ផលិតករ ពិធីករ ពិធីការិនី អ្នកបច្ចេកទេស និងអ្នកសារព័ត៌មាន នៃស្ថាប័នវិទ្យុជាទីស្រឡាញ់រាប់អាន!

តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន ខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមចូលរួមអបអរសាទរជាមួយលោក លោកស្រីជាម្ចាស់ស្ថានីយវិទ្យុ ផលិតករ ពិធីករ ពិធីការិនី អ្នកបច្ចេកទេស និងអ្នកសារព័ត៌មាន នៃស្ថាប័នវិទ្យុនៅក្នុងព្រះរាជាណាចក្រកម្ពុជា និង​ទូទាំងសកលលោក ក្នុងឱកាស ទិវាវិទ្យុពិភពលោក លើកទី១៣ នៅថ្ងៃទី១៣​ ខែកុម្ភៈ ឆ្នាំ២០២៤នេះ​។

​ទិវាវិទ្យុពិភពលោក ត្រូវបានបង្កើតក្នុងគោលបំណងជំរុញលើកកម្ពស់ការយល់ដឹងរបស់សាធារណជនពីសារសំខាន់របស់វិទ្យុក្នុងជីវភាពប្រចាំថ្ងៃ និងជាឱកាសនៃការបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមករវាងប្រតិបត្តិករនៃស្ថាប័នវិទ្យុ ដើម្បីអភិវឌ្ឍន៍និងធ្វើទំនើបកម្មស្ថានីយវិទ្យុ ឆ្លើយតបតាមតម្រូវការរបស់សាធារណជន និងការវិវត្តសង្គមនៃបច្ចេកវិទ្យាឌីជីថល។

នៅឆ្នាំ២០២៤ ទិវាវិទ្យុពិភពលោកត្រូវបានប្រារព្ធក្រោមប្រធានបទ «មួយសតវត្សរ៍ នៃវិទ្យុក្នុងការផ្តល់ព័ត៌មាន អប់រំ និងការកម្សាន្ត -Radio: A Century informing, entertaining and educating» បានឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់ ដែលក្នុងរយៈពេលជាង១ សតវត្សរ៍មកនេះ នៅតែជាឧបករណ៍គមនាគមន៍ដ៏សំខាន់សម្រាប់ការផ្សព្វផ្សាយព័ត៌មាននយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ ប្រពៃណី ការអប់រំ និងការកម្សាន្ត តាមសម័យកាលនីមួយៗ ប្រកបដោយប្រសិទ្ធភាព និងគុណភាព។ ​​ទន្ទឹមនេះ ក្នុងដំណើរការកសាងសន្តិភាព និងប្រជាធិបតេយ្យនៅកម្ពុជា ស្ថាប័នវិទ្យុបានដើរតួនាទីជាកាតាលីករដ៏សំខាន់ ក្នុងការបញ្ជ្រាបព័ត៌មាន ដើម្បីលើកកម្ពស់ចំណេះដឹងមូលដ្ឋានដល់ប្រជាពលរដ្ឋ។

លោក លោកស្រី ជាទីស្រឡាញ់រាប់អាន!

រហូតមកដល់បច្ចុប្បន្ននេះ ស្ថាប័នវិទ្យុនៅតែបំពេញតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមគ្រប់គ្រងលំហព័ត៌មាន សន្តិសុខព័ត៌មាន និងសណ្តាប់ធ្នាប់សង្គមកម្ពុជា តាមរយៈការរួមចំណែកយ៉ាងសកម្មក្នុងការផ្តល់ព័ត៌មានពិតជូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសការផ្សព្វផ្សាយពីគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងគោលបំណងកៀរគរការចូលរួមអនុវត្តនៅតាមមូលដ្ឋានឱ្យកាន់តែល្អប្រសើរ ដើម្បីបង្កើននូវជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ។

ក្នុងដំណាក់កាលរីកចម្រើននៃសង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យា និងជាពិសេស ការវិវត្តនៃបច្ចេកវិទ្យាឌីជីថល ស្ថាប័នវិទ្យុកម្ពុជាកំពុងយកចិត្តទុកដាក់បង្កើនប្រតិបត្តិការ ដោយបានសម្របខ្លួនតាមរយៈការរួមបញ្ចូលមធ្យោបាយផ្សព្វផ្សាយជំនាន់ថ្មី ដែលមានទម្រង់ចម្រុះ មានទាំងរូបភាព និងសំឡេង  ព្រមទាំងបានផ្សព្វផ្សាយទូលំទូលាយខ្លាំងជាងមុន ទាំងបែបបុរាណនិងទំនើប ដោយបានបង្កើតកម្មវិធីជាច្រើនប្រធានបទ ដើម្បីចូលរួមអប់រំ និងលើកកម្ពស់ចំណេះដឹងប្រជាជនកម្ពុជា។ 

ជាមួយកិច្ចខិតខំប្រឹងប្រែងអនុវត្តនូវភារកិច្ចក្នុងស្មារតីទទួលខុសត្រូវ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការពុះពារជំនះនូវរាល់ឧបសគ្គរបស់លោក លោកស្រីជាផលិតករ ពិធីករ ពិធីការិនី អ្នកបច្ចេកទេស និងអ្នកសារព័ត៌មាន នៃស្ថាប័នវិទ្យុរដ្ឋនិងឯកជន ដែលបានបំពេញតួនាទីយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជា ជូនសាធារណជនជាតិនិងអន្តរជាតិ ជាពិសេសគឺការចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលមានចរិកអុជអាល ញុះញង់ ជេរប្រមាថ និងរើសអើង ក្នុងគោលបំណងបង្កអសន្តិសុខសង្គម និងបំផ្លាញនូវសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ។

ជាមួយសមិទ្ធផល និងស្នាដៃគួរកត់សម្គាល់កន្លងមក ក្នុងនាមក្រសួងព័ត៌មាន ខ្ញុំសូមឆ្លៀតឱកាសនេះផ្តល់ជូនអនុសាសន៍ សម្រាប់ជាធាតុចូលបន្ថែមដល់ប្រតិបត្តិករស្ថាប័នវិទ្យុនៅកម្ពុជា ដោយត្រូវយកចិត្តទុកដាក់លើការ៖

១.​យកចិត្តទុកដាក់កសាង និងអភិវឌ្ឍសមត្ថភាពដឹកនាំ និងប្រតិបត្តិ ដើម្បីរួមចំណែកប្រែក្លាយស្ថាប័នព័ត៌មាន ទៅជា ស្ថាប័នទំនាក់ទំនងសាធារណៈ ប្រកបដោយបុរេសកម្ម សកម្ម និងអន្តរសកម្ម ប្រកកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល

២.​បន្តលើកកម្ពស់ និងកសាងសមត្ថភាពក្នុងការផលិតមាតិកាកម្មវិធីប្រកបដោយគុណភាព និងភាពច្នៃប្រឌិត ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការងារ តាមរយៈអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្តនិងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន»

៣.​បន្តរួមគ្នាការពារសណ្ដាប់ធ្នាប់ស្ថាប័នសារព័ត៌មាន និងសន្តិសុខព័ត៌មាន ដើម្បីរក្សាឱ្យបាននូវសន្តិភាព និងស្ថេរភាពកម្ពុជា ដោយត្រូវផ្សព្វផ្សាយព័ត៌មានពិត ប្រកបដោយគុណភាព ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវសារព័ត៌មាន

៤. ​បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកដើម្បីចូលរួមអភិវឌ្ឍមធ្យោបាយផ្សព្វផ្សាយនេះឱ្យកាន់តែរីកចម្រើន ក្រោមគោលការណ៍នៃការជឿទុកចិត្ត សមភាព  វឌ្ឍនភាព និងផលប្រយោជន៍

៥.​ជំរុញការធ្វើសមាហរណកម្មប្រព័ន្ធផ្សព្វផ្សាយបុរាណជាមួយប្រព័ន្ធផ្សព្វផ្សាយទំនើប ដោយត្រូវយកចិត្តទុកដាក់ ជាពិសេសលើការធ្វើបរិវត្តកម្មឌីជីថលទៅក្នុងប្រតិបត្តិការរបស់ខ្លួន

៦.​ខិតខំពង្រឹងសមត្ថភាពជាមូលដ្ឋានដល់ពិធីករ និងពិធីការនី និងបង្កលក្ខណៈស្វែងយល់បន្ថែមលើអក្សរសាស្ត្រ វប្បធម៌ ទំនៀមទំលាប់ប្រពៃណីជាតិជាដើម ដើម្បីជៀសវាងកំហុសឆ្គង ដែលអាចកើតមាននៅពេលផ្សព្វផ្សាយ

៧.​បន្តចូលរួមលើកកម្ពស់ការផ្សព្វផ្សាយ ដើម្បីប្រឆាំងនឹងការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន គ្រោះថ្នាក់ចរាចរ និងការសេពគ្រឿងស្រវឹង

៨.​បន្តលើកកម្ពស់ការផ្សព្វផ្សាយពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព តាមគ្រប់រូបភាព ដើម្បីរក្សានូវសណ្តាប់ធ្នាប់សង្គម

៩.​បន្តកិច្ចសហការចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការជ្រៀតជ្រែកព័ត៌មានពីខាងក្រៅ។

ជាទីបញ្ចប់ លោករដ្ឋមន្ត្រី​ សូមប្រសិទ្ធីពរជូនលោក លោកស្រីជាផលិតករ ពិធីករ ពិធីការិនី អ្នកបច្ចេកទេស និងអ្នកសារព័ត៌មាន នៃគ្រប់ស្ថាប័នវិទ្យុ សូមទទួលបាននូវជោគជ័យគ្រប់ប្រការក្នុងការបំពេញតួនាទីភារកិច្ច និងសូមបានប្រកបនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ តារា


ចែករំលែក៖