ភ្នំពេញ៖ ទំហំពាណិជ្ជកម្មក្រៅប្រទេសរបស់កម្ពុជាបានកើនឡើងដល់ជាង ៤ ប៊ីលានដុល្លារ ក្នុងខែមករា ឆ្នាំ ២០២៤ កើនឡើង ១៦,៧ ភាគរយ ពីចំនួន ៣,៤៧ ប៊ីលានដុល្លារ ក្នុងខែមករា ឆ្នាំ២០២៣។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបានផ្សាយកាលពីថ្ងៃចន្ទ។ ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា។
ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញ ថា ការនាំចេញសរុបកម្ពុជាមានតម្លៃជាប្រាក់ ១,៩៦ប៊ីលានដុល្លារ ក្នុងខែមករា ឆ្នាំ២០២៤ កើនឡើង ២៧ ភាគរយ បើធៀបនឹងខែមករាឆ្នាំ២០២៣ ហើយ ការនាំចូលមកវិញសរុបប្រមាណ ២ ប៊ីលានដុល្លារ កើន ឡើង ៨,៧ ភាគរយ។
ទិន្នន័យដដែលនេះបានបន្តថា ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា តាមពីក្រោយដោយប្រទេសវៀតណាម សហរដ្ឋអាមេរិក ថៃ និងជប៉ុន។
កម្ពុជាបាននាំចេញភាគច្រើនជាផលិតផលកាត់ដេរ ស្បែក ជើង និងទំនិញធ្វើដំណើរ កង់ កៅស៊ូស្ងួត អង្ករ ចេក ស្វាយចន្ទី ស្វាយ និងមៀន ហើយ ប្រទេសកម្ពុជានាំចូលមកវិញ នូវ វត្ថុធាតុដើមសម្រាប់កាត់ដេរ ស្បែក ជើង និងទំនិញធ្វើដំណើរ ប្រេងឥន្ធនៈ សម្ភារៈសំណង់ រថយន្ត និងម៉ូតូ ព្រមទាំង ផលិតផលប្រើប្រាស់ ផលិត ផលឱសថ និងគ្រឿងសំអាង។
អ្នកសេដ្ឋកិច្ច បង្ហាញជំនឿចិត្តថា ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជានឹងបន្តមានកំណើនជាវិជ្ជមានជាបន្តបន្ទាប់ទៀតក្នុងឆ្នាំ ២០២៤នេះ ខណៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាត់ អារ៉ាប់រួម បានចូលជា ធរមាន។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២៣ ហើយ បានចូលជាធរមាន នៅថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៤។
អ្នកសេដ្ឋកិច្ចមានប្រសាសន៍ដូច្នេះថា ៖ «វាជាការពិតហើយ ព្រោះអី យើងចរចា ដើម្បីលំហូរទំនិញ ដូច្នេះ កិច្ចព្រមព្រៀងនេះ បានចូលជាធរមាន យើងនឹងអាចនាំ ចេញ -នាំចូល រវាងប្រទេសទាំង។ កន្លងមកយើងឃើញហើយថា ការនាំចេញតាមរយៈកិច្ចព្រម ព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ ជ្រុងជ្រោយតំបន់ RCEP ឃើញថា មានការកើនឡើងគួរឱ្យកត់សម្គាល់ដូច្នេះ កិច្ចព្រម ព្រៀងនេះ ដូចគ្នា សង្ឃឹមថាការនាំចេញទៅតំបន់អារ៉ាប់ រួម នឹងមានការល្អប្រសើរនិងកើនឡើងផងដែរ»។
ពេញមួយឆ្នាំ២០២៣ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជាជាមួយអន្តរជាតិ សម្រេចបានក្នុងទឹកប្រាក់ចំនួន ៤៦,៨២ ប៊ីលាន ដុល្លារ ធ្លាក់ចុះ ១,៩ ភាគរយ បើធៀបនឹងឆ្នាំ២០២២ ដែលមានចំនួន ៤៧,៧ ប៊ីលានដុល្លារ។
ក្នុងនោះ កម្ពុជា នាំចេញទំនិញទៅផ្សារអន្តរជាតិ មានទឹកប្រាក់ចំនួន ២២,៦៤ ប៊ីលានដុល្លារ កើនឡើង ១,៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២។ ដោយឡែក កម្ពុជានាំចូលមកវិញចំនួន ២៤,១៨ប៊ីលានដុល្លារ ធ្លាក់ចុះ ៥ ភាគរយបើធៀបនឹងឆ្នាំ២០២២។ នេះ បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕
ដោយ៖ សូរិយា