ភ្នំពេញ៖ នៅសាលប្រជុំរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើខ្លឹមសារបដាសម្រាប់ ផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោត ស្សិតវីដេអូអប់រំពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ និងខ្លឹមសារសង្ខេបសៀវភៅអំពីដំណើរការបោះឆ្នោតនៅព្រះរាជាណាចក្រ កម្ពុជា ចាប់ពីឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សាលើឯកសារតាមរបៀបវារៈ យ៉ាងល្អិតល្អន់ម្តងមួយៗរួចមក អង្គប្រជុំ គជ.ប បានធ្វើការកែសម្រួលខ្លឹមសារ និងពាក្យពេចន៍មួយចំនួនលើឯកសារទាំងនោះ រួចបានសម្រេចដូចខាងក្រោម៖
១. ឯកភាពបង្កើតមជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោតនៅខេត្តចំនួន ៣ (បី) រួមមាន ខេត្តតាកែវ ខេត្តកំពង់ធំ និងខេត្តកំពង់ចាម ដែលមានខ្លឹមសារបដាអប់រំបោះពុម្ពបិទផ្សាយនៅទីនោះ សម្រាប់ការសិក្សាស្រាវជ្រាវរបស់សាធារណជន ស្វែងយល់អំពីការបោះឆ្នោត។ មជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោតទាំង ៣ (បី) ខេត្តខាងលើ ដំណើរការក្រោមជំនួយ ឧបត្ថម្ភគាំទ្រទាំងសម្ភារ និងបច្ចេកទេសរបស់ជំនាញការប្រចាំនៅ គជ.ប ដែលមកពី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅកម្ពុជា។
២. ឯកភាពលើខ្លឹមសារ និងរូបភាពវីដេអូអប់រំចំនួន ២ (ពីរ) រឿង៖
• រឿងអប់រំខ្លី មានចំណងជើងថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
• រឿងអប់រំ និងបណ្តុះបណ្ដាលអំពីនីតិវិធីស្តីពី ការបោះឆ្នោត និងរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
៣. ឯកភាពជាគោលការណ៍លើខ្លឹមសារសង្ខេបសៀវភៅអំពី ដំណើរការបោះឆ្នោតនៅ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន។
មុននឹងបញ្ចប់កិច្ចប្រជុំ លោក ប្រាជ្ញ ចន្ទ ប្រធាន គជ.ប បានណែនាំដល់ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គជប ត្រូវពន្យល់ណែនាំដល់មន្ត្រីការិយាល័យបោះឆ្នោតឱ្យបាន ច្បាស់លាស់អំពីការប្រគល់ ការទទួល និងការរក្សាទុកសម្ភារ ឯកសារបោះឆ្នោតសំខាន់ៗ នៅមុន ថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។
ការិយាល័យបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានចំនួន ៣៣ ការិយាល័យ ដែលទីតាំងការិយាល័យបោះឆ្នោតទាំងនោះមាននៅទីប្រជុំជន រាជធានី ខេត្ត ទាំង២៥។ អ្នកបោះឆ្នោត និងអង្គបោះឆ្នោតមានចំនួនសរុប ១១៧៤៧ នាក់ ដែល ជាតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង៕
ដោយ៖ តារា