ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «សុខសន្តិភាព ស្ថេរភាពនយោបាយ និងការឯកភាពជាតិពេញលេញ បានផ្តល់ឱកាសឱ្យយើងកែលម្អ និងស្ថាបនាលើប្រព័ន្ធអភិបាលកិច្ច»

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតី បិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ សុខសន្តិភាព ស្ថេរភាពនយោបាយ និងការឯកភាពជាតិពេញលេញ ដែលសម្រេចបានដោយលំបាកបំផុត បានផ្តល់ឱកាសឱ្យយើងកែលម្អ និងស្ថាបនាលើប្រព័ន្ធអភិបាលកិច្ចរបស់យើង តាមរយៈការរៀបចំការងារកែទម្រង់ជាប្រព័ន្ធនៅក្នុងលក្ខណៈជាកម្មវិធីរយៈពេលវែង មានការកំណត់ចក្ខុវិស័យវែងឆ្ងាយ មានការបែងចែកជាដំណាក់កាលប្រកបដោយភាពជាក់ស្តែងនិយម ជាមួយនឹងគោលដៅជាក់លាក់ព្រមទាំងមានរចនាសម្ព័ន្ធដឹកនាំ និងមានយន្តការអនុវត្តន៍ច្បាស់លាស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ យុទ្ធសាស្រ្តនេះ បានបង្ហាញអំពីសេចក្តីក្លាហាន មហិច្ឆតា និងឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា លើការកែទម្រង់ ដោយតម្រូវទៅតាមបរិបទកម្ពុជា និងឆ្លើយតបបានតាមសេចក្តីត្រូវការរបស់កម្ពុជា ប្រកបដោយមោទនភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការកែទម្រង់នៅកម្ពុជាអភិក្រមនៃការបោះជំហានជាដំណាក់កាល ជាឆន្ទៈផ្ទាល់របស់រាជរដ្ឋាភិបាល នៅក្នុងទស្សនៈវិស័យវែងឆ្ងាយ នៃការអភិវឌ្ឍន៍ជាតិ និងមាតុភូមិឱ្យកាន់តែរីកចម្រើនកាន់តែជឿនលឿន និងរុងរឿង។

សម្តេចធិបតីបានឱ្យដឹងថា ៖ អភិក្រមនៅក្នុងការអនុវត្តជាក់ស្តែងនៃការកែទម្រង់គឺជាបញ្ហាដែលត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាថាការកែទម្រង់ងាចប្រព្រឹត្តិទៅដោយរលូនជាមួយការរក្សាបាននូវស្ថិរភាពទាំងក្នុងក្របខណ្ឌស្ថាប័នអនុវត្ត ក៏ដូចជាក្នុងក្របខណ្ឌនៃសង្គមជាតិទាំងមូល និងដើម្បីធានាផងដែរ ថាការកែទម្រង់នឹងចូលរួមចំណែកជាវិជ្ជមាន ជាជំហានៗដល់កិច្ចប្រឹងប្រែងជំរុញ ការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច។

សម្តេចថ្លែងថា៖«ដូចនេះ ការកែទម្រង់នៃអភិក្រម រៀនបណ្តើរ ធ្វើបណ្តើរ គឺជាស្មារតីដែលថ្នាក់ដឹកនាំយើងតែងតែប្រកាន់យក»។សម្តេចបានបញ្ជាក់ថា ៖ ការកែទម្រង់នៅកម្ពុជាអភិក្រមនៃការបោះជំហានជាដំណាក់កាលនេះគឺជាការផ្តល់លទ្ធភាពអាចដោះស្រាយបញ្ហាចំពោះមុខដែលជាអទិភាពបន្ទាន់ផង ទន្ទឹមនឹងការអាចចាប់ផ្តើម អនុវត្តសាកល្បងនូវសមាសធាតុគន្លឹះនានាដែលចាំបាច់ សម្រាប់ត្រៀមលក្ខណៈមុនដល់ដំណាក់កាលបន្តបន្ទាប់ផងដែរ៕


ដោយ ៖ សិលា


ចែករំលែក៖