ភ្នំពេញ ៖ ដោយអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានធ្វើការនាំខ្លួនឈ្មញរកស៊ីទិញលក់ដីម្នាក់បញ្ជូនទៅតុលាការ ដោយជាប់ពាក់ព័ន្ធពីបទឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ។ ជនត្រូវចោទឈ្មោះ រីម ភក្តី ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅផ្ទះលេខ២៥៥ ផ្លូវជាតិលេខ២ ភូមិព្រែកតានូ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា ជនត្រូវចោទបានដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទឆបោកនិងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២០ តាមមាត្រា៣៧៧ មាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌនិងមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្កិការទូទាត់សាច់ប្រាក់ ។
យល់ឃើញថា ជនត្រូវចោទឈ្មោះ រីម ភក្តី ត្រូវបានចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ហើយចៅក្រមស៊ើបសួរបានបង្គាប់ឱ្យចូលខ្លួន តែជនត្រូវចោទមិនបានចូលឆ្លើយ ដោះសាចំពោះការចោទប្រកាន់នោះទេ ថែមទាំងគេចខ្លួនបាត់ ។ ដោយយោងទៅលើតំណាងអយ្យការបានឯកភាពឱ្យចេញដីកាបង្កាប់ឱ្យចាប់ខ្លួន ជនត្រូវចោទឈ្មោះ រីម ភក្តី ដូច្នេះដើម្បីធានាសណ្តាប់ធ្នាប់សាធារណៈ ចៅក្រមស៊ើបសួរគប្បីចេញដីកាបង្គាប់ឱ្យសមត្តកិច្ចចាប់ខ្លួនឈ្មួញរកស៊ីទិញលក់ដីខ្យល់រូបនេះ យកមកដាក់ពន្ធនាគារដើម្បីអនុវត្តទោសទៅតាមផ្លូវច្បាប់ ៕
ដោយ ៖ រ៉ារ៉ា