ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ការសិក្សារៀនសូត្រមិនមែនធ្វើតែមួយថ្ងៃនោះទេ។ ជាក់ស្ដែង ការដែលនិស្សិតមកទទួលសញ្ញាបត្រនៅថ្ងៃនេះ គឺពួកគេបានសិក្សារៀនសូត្រអស់រយៈពេលដ៏យូរ ក្នុងនោះបរិញ្ញាបត្ររងត្រូវប្រើររយៈពេល២ឆ្នាំ បរិញ្ញាបត្រ ៤ឆ្នាំ និងបរិញ្ញាបត្រជាន់ខ្ពស់ ឬបណ្ឌិតក្នុងរយៈពេលយូរថែមទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតី «សម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ នៅក្នុងពេលសិក្សា និស្សិតខ្លះត្រូវប្រឈមជាមួយការងារច្រើន ទាំងបញ្ហាជីវភាពរស់នៅ និងសកម្មភាពការងារផ្សេងៗ។ ដូចនេះការទទួលបានសញ្ញាបត្រនៅទីនេះ គឺបានបង្ហាញអំពីការដាក់ទិសដៅច្បាស់លាស់ និងការខិតខំប្រឹងប្រែង ទើបទទួលបានសមិទ្ធផលសិក្សានៅថ្ងៃនេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាបានផ្ដល់អនុសាសន៍ដល់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តយកចិត្តទុកដាក់កាន់តែខ្ពស់លើការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ដើម្បីឈានទៅការប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ៖ អ្នកដែលលូតលឿន ហើយជោគជ័យ គឺចេះរៀនពីកំហុសខ្លួនឯង ចេះទទួលស្គាល់កំហុសខ្លួនឯង ចេះលើកទឹកចិត្តខ្លួនឯង និងស្វែងយល់ពីខ្លួនឯងឱ្យបានកាន់តែច្រើន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «បើយើងគ្មានចិត្តចង់អភិវឌ្ឍន៍ខ្លួនឯង គឺគ្មានគ្រូជោគជ័យណាអាចមកជួយបង្ហាត់បង្រៀនយើងឱ្យចេះបានទេ។ អ្នកដែលចេះវាយតម្លៃខ្លួនឯង ហើយដឹងខ្លួនថា នៅមានកម្រិតនោះ ហើយជាអ្នកជោគជ័យពិតប្រាកដ ៕
ដោយ ៖ សិលា