ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌមានជ័យ​ ដឹកនាំកម្លាំងគណៈ​បញ្ជាការ​ឯកភាព​ចុះ​បង្ក្រាប​ទីតាំង​លេងល្បែងខុសច្បាប់ដោយផ្ទាល់នៅក្នុង​អគារ R&F

ចែករំលែក៖

ភ្នំពេញ​ ៖​ កម្លាំងគណៈ​បញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ ដឹកនាំផ្ទាល់ដោយលោក​ សេង​ គន្ធ​ អភិបាលខណ្ឌ​ បាន​ចុះ​បង្ក្រាប​ទីតាំង​លេងល្បែងហ្គេ​ម​ខុសច្បាប់១​កន្លែងដកហូតវត្ថុតាងជាច្រេីន ក្នុង​អគារ R&F ស្ថិត​នៅ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែ ខណ្ឌមានជ័យ​ នាថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៤​ ។ 

    ក្នុងប្រតិបត្តិ​ការ​នេះ ធ្វើ​ឡើងបន្ទាប់​ពី​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ដាក់​បញ្ជា​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ក៏​ដូច​ជា​ប្រធាន​ផ្សារ​ទាំង​២៥ គឺ​មិន​អនុញ្ញាត​ឲ្យ​មាន​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ មាននៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឡើយ ។

    ការ​ដាក់​បទបញ្ជា​បែប​នេះ របស់​លោក ឃួ​ង ស្រេង បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ ជាមួយ​អភិបាល​ខណ្ឌ​ទាំង​១៤ និង​ប្រធាន​ផ្សារ​ទាំង​២៥ នា​រសៀល​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅ​សាលា​រាជធានី​ភ្នំពេញ ពោល​គឺ​ក្រោយ​ពី​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជាបាន​ដាក់​បទបញ្ជា​ភ្លាម ។

    លោក ឃួ​ង ស្រេង បានបន្ថែមថា តាម​ជុំវិញ​ផ្សារ សាលារៀន គឺ​មិន​អោយ​មាន​ដាច់ខាត ចំពោះ​ល្បែងស៊ីសង​ខុស​គ្រប់​ប្រភេទ បើ​មាន​លួច​បើក​ល្បែងស៊ីសង​ខុសច្បាប់​ទាំងនេះ គឺ​ត្រូវ​តែ​បង្ក្រាប​ភ្លាម​តែ​ម្តង ។ក្នុងនោះលោកអភិបាលរាជធានីភ្នំពេញក៏បានជម្រុញ​អោយ​បន្ត​បង្កើត Group Telegram ក្រុមការងារ​ត្រួតពិនិត្យ និង​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ នៅ​រាជធានី​ភ្នំពេញ ដោយ​ក្រុមការងារ​នេះ ត្រូវ​មាន​របាយការណ៍​ប្រចាំ​ថ្ងៃ​ជូន អភិបាល​រាជធានី​ភ្នំពេញ ។

    គួរ​បញ្ជាក់​ថា សម្តេច​មហាធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​២០២៣ នៃ​ការ​អនុវត្ត​កម្មវិធី​កែទម្រង់​ការ​គ្រប់គ្រង ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាល​ទី​៤ នា​ព្រឹ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៤​ បាន​ចេញ​បទបញ្ជា​ឱ្យ​ផ្អាក​រាល់​ការ​ចេញ​អាជ្ញាប័ណ្ណ ឬ​ការ​ផ្ដល់​សិទ្ធិ​បើក​ទីតាំង​ល្បែង​ផ្សងសំណាង​នៅ​តាម​មូលដ្ឋាន ។​ ក្នុងនោះ​ សម្ដេច​ធិ​បតី បាន​ណែនាំ​ឱ្យ​គណៈកម្មការ​គ្រប់គ្រង​ល្បែងស៊ីសង​កម្ពុជា ចំណុះ​ឱ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដឹកនាំ​ប្រជុំ​ជា​បន្ទាន់ ជាមួយ​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ រួម​ទាំង​បណ្ដា​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ពិនិត្យ​ឡើង​វិញ និង​រៀបចំ​ឡើង​វិញ នូវ​គោលការណ៍ និង​វិធានការ​គ្រប់គ្រង​ល្បែង​ផ្សងសំណាង​នានា នៅ​ទូ​ទាំង​ប្រទេស ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖