ខេត្តកំពង់ស្ពឺ ៖ យោងតាមរបាយការណ៍របស់កម្លាំងសមត្ថកិច្ចនគរបាលស្រុកបសេដ្ឋបានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដឹកនាំដោយលោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុក នៅថៃ្ងទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយទទួលព័ត៌មានពីកម្លាំងថា នៅភូមិបឹងតាមុំ ឃុំផុង ស្រុកបសេដ្ឋ មុខសញ្ញាជើងខ្លាំងខាងចែកចាយគ្រឿងញៀនដ៏សកម្មឈ្មោះអ៊ុក សាវ៉ុន ភេទប្រុស អាយុ៣២ឆ្នាំ បានបញ្ជាតាមវិធានការជំនាញធ្វើការស្រាវជ្រាវស៊ើបអង្កេតរហូតកំណត់បានមុខសញ្ញានិងភូមិសាស្រ្ដ ។
ក្រោយពីទទួលបានបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដ ជាក់ស្តែងកម្លាំងបានឡោមព័ទ្ធជនសង្ស័យជាមុខសញ្ញាដែលបានរត់គេច តែត្រូវបានកម្លាំងដេញតាមឃាត់ខ្លួនជនសង្ស័យបាន (អ៊ុក សាវ៉ុន) នៅចំណុចវាលស្រែខាងលិចភូមិបឹងតាមុំដកហូតវត្ថុតាង រួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៥កញ្ចប់( ធំ ៤កញ្ចប់ និងមធ្យម១កញ្ចប់) ទូរស័ព្ទដៃ១គ្រឿង លុយរៀល ៧,០០០,០០០ លានរៀល លុយដុល្លារ$4,000 ជំនាញបានឆែកឆេរដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន០១កញ្ចប់(មធ្យម) កាំភ្លើងខ្លីជ័៛១ដើម និងម៉ូតូ១គ្រឿងម៉ាក Honda XR BAJA លេខតួ ១៨០១៣២៩ពាក់ផ្លាកលេខ 1FM-4981 ភ្នំពេញ ព្រមទាំងឃាត់ខ្លួនមុខសញ្ញា១នាក់ទៀត(បក្ខពួក)ឈ្មោះ ញ សុខខេម ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិ ឃុំខាងលើ។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យត្រូវបានកម្លាំងជំនាញកំពុងសាកសួរដើម្បីកសាងសំណុំរឿងបញ្ចូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចាត់ការតាមនីតិវិធី៕
ដោយ៖ជ្រោយពេជ្រ