ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់លួចម៉ូតូគេបានជិះគេចខ្លួនហើយម៉ូតូអស់សាំងបណ្តើរទៅទុកក្នុងដីឡូត៍ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ក្រោកពីដេកឃើញម៉ូតូគេទុកចោលក៏លួចជិះគេចខ្លួនតែម៉ូតូអស់សាំងក៏បណ្តើរមកទុកក្នុងដីឡូត៍មួយកន្លែងត្រូវប្រជាពលរដ្ឋប្រទះឃើញរាយការណ៍ទៅសមត្ថកិច្ចចុះឃាត់ខ្លួន។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង០៩ :១៥នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ១H ផ្លូវលេខ២០០R២ ក្រុមទី១៣ ភូមិក្រោគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះសុខ ភក្តី ភេទប្រុស ជនជាតិខ្មែរ អាយុ៣៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅកន្លែងកើតហេតុ។

ចំណែកជនសង្ស័យឈ្មោះឆៃ ចំរើនសុង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ២H ផ្លូវលេខ២០០R២ ក្រុមទី១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

សម្ភារៈដកហូតមានម៉ូតូចំនួន០១គ្រឿងម៉ាកPCX ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2HE-2115 (ជារបស់ជនរងគ្រោះ)។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងទៀតថា កាលពីថ្ងៃ១៥ ខែកុម្ភៈ ឆ្នាំ២០២៤ មុនពេលកើតហេតុជនជនរងគ្រោះបានទុកម៉ូតូរបស់ខ្លួននៅមុខផ្ទះដោយមិនបានបិទកុងតាក់(សោរស្មាតឃី)រួចចូលទៅក្នុងផ្ទះដោយផ្ទះជនសង្សយ័និងផ្ទះជនរងគ្រោះជាប់គ្នា លុះដល់ម៉ោង០៩ និង១៥នាទី ថ្ងៃខែឆ្នាំដដែលជនសង្ស័យបានក្រោកពីដេកចេញមកឃើញម៉ូតូជនរងគ្រោះបានធ្វើសកម្មភាពលួចតែម្តងហើយជិះគេចខ្លួនដល់សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ម៉ូតូបានរលត់ហើយជនសង្ស័យបានអូសយកទៅលាក់នៅដីឡូត៍មួយកន្លែង លុះដល់ម៉ោង២និង៥០នាទីរសៀលថ្ងៃខែឆ្នាំដដែល មានប្រជាពលរដ្ឋប្រទះឃើញបានប្តឹងរាយការណ៍មកសត្ថកិច្ចយើងចុះអន្តរាគមន៍ឃាត់បានជនសង្សយ័និងវត្ថុតាងតែម្តង។

បច្ចុប្ប្ន្នន្នកម្លាំងផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តទៅតាមនីតិវិធី ចំណែកម៉ូតូបានប្រគល់ជូនជនរងគ្រោះវិញ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖