ភ្នំពេញ ៖ គណបក្សនយោបាយជាច្រើននៅកម្ពុជាបានធ្វើញញញត្តិថ្កោលទោសគណបក្សនយោបាយមួយបាន នឹងកំពុងគំរាមកំហែង រំលោភការសម្ងាត់ និងធ្វើឱ្យបាត់ទំនុកចិត្ត លើការបោះឆ្នោតសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងបានស្នើដល់ក្រសួងមហាផ្ទៃឱ្យមានវិធានការចំពោះគណបក្សនយោបាយដែលកំពុងបង្កបញ្ហាដល់ការបោះឆ្នោតឱ្យបាន តឹងរ៉ឹងបំផុត។
ក្នុងនោះបានលើកឡើងថា ៖ បានសង្កេតឃើញថា គណបក្សនយោបាយមួយ បាននឹងកំពុងធ្វើសកម្មភាពបង្ខិតបង្ខំឱ្យសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោត ជ្រើសតាំងសមាជិក ព្រឹទ្ធសភា ឱ្យ បោះឆ្នោតជូនគណបក្សនយោបាយដែលខ្លួនតម្រូវ ហើយបានគម្រាមកំហែងដល់អ្នកបោះឆ្នោតទាំងនោះ ថា ” បើនរណាមិនបោះឆ្នោតឱ្យគណបក្សដែលខ្លួនណែនាំនោះទេ អ្នកមានសិទ្ធិបោះឆ្នោតទាំងនោះ និងត្រូវប្រឈម នឹងការបណ្ដេញចេញពីសមាជិកគណបក្ស និងដកតួនាទីពីសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់»។ បើយោងតាម មាត្រា៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា បានកំណត់ឱ្យការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា ត្រូវធ្វើឡើងដោយអសកល មិនចំពោះ តាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់។
គណបក្សនយោបាយជាច្រើន សូមប្ដេជ្ញាចូលរួមចំណែកការពារសុខសន្តិភាពឱ្យបានល្អ និងសូមអំពាវនាវ ដល់បងប្អូនជនរួមជាតិទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា ហើយសូមបងប្អូនប្រើសិទ្ធក្នុងនាមជា សមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ និងជាអ្នកបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ អាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ៕
ដោយ ៖ សិលា