ភ្នំពេញ៖ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃ១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា៖ មួកសុវត្ថិភាព អាចជួយកាត់បន្ថយគ្រោះថ្នាក់ធ្ងន់ធ្ងរដល់លលាដ៍ក្បាលប្រហែល៧០% និងកាត់បន្ថយឱកាសនៃការស្លាប់រហូតដល់៤០% អាស្រ័យទៅលើល្បឿនបើកបរ។
“ការពារជីវិតអ្នកពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ រាល់ពេលធ្វើដំណើរទោះជិត ឬឆ្ងាយ”។
ជាមួយគ្នានោះ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានលើកឡើងថា ការប្រើប្រាស់ទូរសព្ទពេលកំពុងបើកបរ អាចបណ្តាលឱ្យអ្នកបើកបរបាត់បង់ការផ្តោតអាម្មណ៍ទៅលើការបើកបរ ជាហេតុបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។
ការនិយាយទូរស័ព្ទដោយកាន់នឹងដៃផ្ទាល់គឺមានហានិភ័យគ្រោះថ្នាក់៤ដង និងការផ្ញើសារគឺមានហានិភ័យគ្រោះថ្នាក់២៣ដង បើធៀបទៅនឹងអ្នកបើកបរដោយមិនបានប្រើប្រាស់ទូរស័ព្ទ។
ដូច្នេះសូមចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដោយការពាក់មួកសុវត្ថិភាព គ្រប់ពេលវេលា រាល់ពេលធ្វើដំណើរ ទាំងអ្នកបើកបរ និងអ្នកអ្នករួមដំណើរ ដើម្បីកាត់បន្ថយការរងរបួសក្បាលធ្ងន់ធ្ងរ នៅពេលជួបគ្រោះថ្នាក់ចរាចរណ៍។ មួកសុវត្តិភាពមួយជួយជីវិតបានម្នាក់៕
ដោយ៖ តារា