ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យ២នាក់​ ទៅសាលាដំបូង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ​២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយ នៅថ្ងៃ ទី១៨​ ខែកុម្ភៈ ឆ្នាំ​២០២៤នេះ​ ដើម្បីអនុវត្តតាមនីតិវិធី​៕

  សមត្ថកិច្ចប្រាប់ថាៈ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះចំនួន០២នាក់ ១.ឈ្មោះ​ ណាយ ពិយ៉ា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។​ ២.ឈ្មោះ​ ផាន់ ផាលីន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិបាលិលេយ្យ១​ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ ស្ដីពីករណីបាត់ម៉ូតូ១គ្រឿង ម៉ាកហុងដាPCX ពណ៌ខ្មៅ ផលិតឆ្នាំ២០២៤ គ្មានផ្លាកលេខ ដែលប្រព្រឹត្តកាលពីវេលាម៉ោង០២ និង០០នាទី ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។  

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹង នៅវេលាម៉ោង១៨និង៣៥នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ ចុះស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ១.ឈ្មោះ​ ហន សុគន្ធ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ ក្រោយពីសួរនាំរួច ទើបដឹងថាបក្សពួកម្នាក់ទៀតគេចខ្លួនទៅស្នាក់នៅក្នុងស្រុកមង្គលបុរី ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី ធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ប៊ុន មេសា ភេទប្រុស អាយុ២៥ឆ្នាំ នៅចំណុចភ្នំតូច ស្ថិតក្នុងភូមិភ្នំតូច ឃុំភ្នំតូច ស្រុកមង្គលបូរី ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើ និងសួរនាំរួច ទើបលោកសុំបទបញ្ជាពីសំណាក់លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ ធ្វើការឆែកឆេរនៅលើទីតាំងបន្ទប់ជួល០១កន្លែង ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាមការបង្ហាញពីជនសង្ស័យទាំង២នាក់ រកឃើញម៉ូតូម៉ាកហុងដា PCX ពណ៌ខ្មៅ ផលិតឆ្នាំ២០២៤ ជារបស់ជនរងគ្រោះឈ្មោះ​ ណាយ ពិយ៉ា​ និងរកឃើញម៉ូតូផ្សេងៗទៀតដូចជា ម៉ូតូម៉ាក​ អុិចសង់ទ័រ ពណ៌ខ្មៅ គ្មានផ្លាកលេខចំនួន០១គ្រឿង,ម៉ូតូម៉ាកអុិចសង់ទ័រ ពណ៌ខៀវ គ្មានផ្លាកលេខ​ចំនួន០១គ្រឿង,​ម៉ាស៊ីនម៉ូតូ០១គ្រឿង,​និងអាវម៉ូតូ ព្រមទាំងឧបករណ៍ដោះដូរ ជួសជុល កែច្នៃមួយចំនួនបន្ថែមទៀត ហើយត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងយកមករក្សាទុក ដើម្បីស្វែងរកម្ចាស់បន្តទៀត។ ចំពោះម៉ូតូម៉ាកហុងដា PCX ពណ៌ខ្មៅ ផលិតឆ្នាំ២០២៤ ជារបស់ជនរងគ្រោះឈ្មោះ​ ណាយ ពិយ៉ា​ ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញហើយ។   

     លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តថា ជនសង្ស័យ​ទាំង២នាក់ក្រោយពីកម្លាំងជំនាញសួរនាំរួច បានឆ្លើយសារ​ភាពថា​ ពួកខ្លួនពិតជាបានលួចម៉ូតូជាច្រើនគ្រឿងក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែតពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព​ និងមានវត្ថុតាងជាក់ស្តែង​ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង​បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត​ដើម្បីចាត់ការបន្តតាមនីតិវិធី​។ 

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ ជនសង្ស័យ​ទាំង២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយដើម្បីអនុវត្តតាមនីតិវិធី​៕

ដោយ៖ វណ្ណា


ចែករំលែក៖