ភ្នំពេញ ៖ បន្ទាប់ពីមានសារព័ត៌មានមួយចំនួន ដោយបានចុះផ្សាយអំពី សេចក្ដីថ្លែងការណ៍ របស់លោកមេធាវីតំណាងឲ្យឈ្មោះ ភឺន ផល្លា ពាក់ព័ន្ធនឹងករណីវិវាទដីធ្លីស្ថិតនៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ដោយផ្អែកលើខ្លឹមសារនៃសេចក្ដីថ្លែងការណ៍ គឺមានភាពផ្ទុយពីការពិតទាំងស្រុង កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនោះ ។ លោក ប៊ុន កែវឡុង នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញលិខិតបំភ្លឺ ឆ្លើយតបភ្លាមៗយ៉ាងដូច្នេះថា ៖ ខ្ញុំបាទឈ្មោះ ប៊ុន កែវឡុង ភេទប្រុស ឆ្នាំកំណើត១៩៧៥ ជនជាតិខ្មែរ មានអាសយដ្ឋានស្ថិតនៅផ្លូវលំ ភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ទូរស័ព្ទលេខៈ ០៨៨ ៩៩៩ ៩៩ ៣៣ ។
លោក ប៊ុន កែវឡុងបានបញ្ជាក់ក្នុងលិខិតថា ៖ សូមធ្វើការបំភ្លឺជូន អង្គភាពសារព័ត៌មានទាំងអស់ និងសាធារណៈជន អំពី សេចក្ដីថ្លែងការណ៍ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ របស់មេធាវីតំណាងឲ្យឈ្មោះ ភឺន ផល្លា ។
ខ្ញុំបាទឈ្មោះ ប៊ុន កែវឡុង សូមធ្វើការជម្រាបជូន អង្គភាពសារព័ត៌មានទាំងអស់ និងសាធារណៈជនឲ្យបានជ្រាបថា៖ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ខ្ញុំបាទបានឃើញសារព័ត៌មានមួយចំនួន ដោយបានចុះផ្សាយអំពីសេចក្ដីថ្លែងការណ៍ របស់លោកមេធាវីតំណាងឲ្យឈ្មោះ ភឺន ផល្លា ពាក់ព័ន្ធនឹងករណីវិវាទដីធ្លីស្ថិតនៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ដោយផ្អែកលើខ្លឹមសារនៃសេចក្ដីថ្លែងការណ៍ខាងលើ គឺមានភាពផ្ទុយពីការពិតទាំងស្រុង។ ដូច្នេះក្នុងនាមខ្ញុំបាទជាជនរងគ្រោះពិតប្រាកដ សូមធ្វើសេចក្ដីថ្លែងការបំភ្លឺ ដើម្បីបង្ហាញការពិត និងលុបបំបាត់រាល់ការភ័ន្តច្រឡំអំពីការប្រឌិតអង្គហេតុទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ទៅដល់សិទ្ធិ និងផលប្រយោជន៍ខ្ញុំបាទ មានដូចខាងក្រោម៖
I. ប្រវត្ដិការកាន់កាប់ដីរបស់ប្រជាពលរដ្ឋ ១១គ្រួសារ ផ្ទេរមកឲ្យឈ្មោះ នៅ សៀម និងឈ្មោះ នៅ សៀម ផ្ទេរបន្ដមកឲ្យខ្ញុំបាទឈ្មោះ ប៊ុន កែវឡុង ។
-១. ដីនៅតំបន់នេះកាលដើមឡើយ គឺជាតំបន់ឡូតិ៍នេសាទលេខ១២ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយនៅពេលនោះប្រជាពលរដ្ឋបានចូលទៅកាន់កាប់អាស្រ័យផលតាំងពីឆ្នាំ២០០០ រហូតមកដល់អំឡុងឆ្នាំ២០០៦ ទើបមានការទិញលក់។ ចំពោះដីដែលឈ្មោះ ភឺន ផល្លា បានលើកឡើងថាខ្លួនបានទិញដីទាំងអស់ចំនួន ២៤០ ហិកតា ពិតឬមិនពិតជារឿងរបស់គាត់។ ប៉ុន្តែសម្រាប់ដីទំហំ ២៥៥១០៦ មែត្រការ៉េ នៅពេលបច្ចុប្បន្ននេះ គឺខ្ញុំបានទិញពីឈ្មោះ នៅ សៀម នៅក្នុងឆ្នាំ២០១៩ ហើយឈ្មោះ នៅ សៀម បានទិញពី ម្ចាស់ដីដើម១១គ្រួសារ នៅក្នុងឆ្នាំ២០០៦។
-២. ចាប់តាំងពីឆ្នាំ២០០០ ប្រជាពលរដ្ឋទាំង១១គ្រួសារបានកាន់កាប់អាស្រ័យផលត្រឹមត្រូវតាមច្បាប់ដោយមានការទទួលស្គាល់ពីអាជ្ញាធរ ភូមិ ឃុំ និងស្រុក រហូតដល់ឆ្នាំ២០០៦ ឈ្មោះ នៅ សៀម ក៏បានទិញពីប្រជាពលរដ្ឋ១១គ្រួសារ ដែលការទិញលក់នោះគឺត្រឹមត្រូវតាមផ្លូវច្បាប់ និងមានការទទួលស្គាល់ពីអាជ្ញាធរ ភូមិ ឃុំ និងស្រុក (មានកិច្ចសន្យាទិញលក់ដី និងលិខិតកាន់កាប់ប្រើប្រាស់ដីធ្លី) ហើយប្រជាជនទាំង១១គ្រួសារនោះក៏ត្រូវបានឈ្មោះ នៅ សៀម អនុញ្ញាតឲ្យធ្វើការកាន់កាប់ និងអាស្រ័យផល មើលថែចាំដីរហូតមកដល់ឆ្នាំ២០១៩ ទើបឈ្មោះ នៅ សៀម បានលក់មកឲ្យខ្ញុំបាទឈ្មោះ ប៊ុន កែវឡុង តាមរយៈ (១) ពាក្យស្នើសុំផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជីលេខៈ ៩៤៦/១៩ ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ។ (២) លិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជីលេខៈ ៩៦០ បព ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩។ ក្រោយការទិញដីពីឈ្មោះ នៅ សៀម ខ្ញុំបាទបានកាន់កាប់អាស្រ័យផល និងអនុញ្ញាតឲ្យគ្រួសារទាំង១១ ធ្វើការស្នាក់នៅលើដីនោះជាប់មករហូតមកដល់បច្ចុប្បន្នមិនដែលអាក់ខាន។
II. ការឆ្លើយតបទៅនឹងការលើកឡើងរបស់ឈ្មោះ ភឺន ផល្លា តាមរយៈសេចក្ដីថ្លែងការណ៍ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ របស់មេធាវីខ្លួន
-១. ចំពោះសេចក្ដីថ្លែងការណ៍ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ របស់ឈ្មោះ ភឺន ផល្លា តាមរយៈមេធាវីខ្លួន ដែលបានលើកឡើងអំពីនីតិវិធីក្នុងការដោះស្រាយវិវាទ ដោយបានលើកឡើងថា រដ្ឋបាលខេត្ដកណ្ដាលគឺបានចេញលិខិតលេខៈ ២០០ របក ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ គោរពរាយការណ៍ជូន ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រី ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ មានខ្លឹមសារថាបានដោះសា្រយវិវាទលើឯកសារភាគីតវ៉ាទាំងអស់រួមទាំងបណ្ដឹងរបស់ខ្ញុំបាទឈ្មោះ ប៊ុន កែវឡុង នោះរួច ទើបសម្រេចទទួលស្គាល់តែឯកសាររបស់ភាគីឈ្មោះ ភឺន ផល្លា។ ខ្ញុំបាទសូមបដិសេធទាំងស្រុង ចំពោះការលើកឡើងនៅអង្គហេតុមិនពិតនេះ។ ពីព្រោះខ្ញុំបាទមិនដែលទទួលបានការកោះហៅឲ្យចូលរួមដោះស្រាយវិវាទនោះឡើយ ហើយខ្ញុំបាទស្នើសុំឲ្យបង្ហាញនូវខ្លឹមសារទាំងស្រុងនៃលិខិតលេខៈ ២០០ របក ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣។
-២.ចំពោះការលើកឡើងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតលេខ ២២១៧ ដនស/អសដក ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ដោយបដិសេធលិខិតទិញលក់ និង “ឯកសារពាក់ព័ន្ធរបស់តតិយជន” ហើយទទួលស្គាល់តែឯកសារពាក់ព័ន្ធ និងការកាន់កាប់គ្រប់គ្រងដីរបស់ឈ្មោះ ភឺន ផល្លា។ ខ្ញុំបាទទទួលស្គាល់ថាពិតជាមានលិខិតលេខ ២២១៧ ដនស/អសដក ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នេះពិតមែន ប៉ុន្តែខ្លឹមសារនៃលិខិតនេះ គឺបដិសេធតែលិខិតទិញលក់ និងឯកសារពាក់ព័ន្ធរបស់ភាគីឈ្មោះ ថេង រិទ្ធី និងភាគីឈ្មោះ លី ឡាយ តែប៉ុណ្ណោះ គឺមិនបានបដិសេធចំពោះតតិយជនណាមួយផ្សេងទៀតឡើយ ជាពិសេសគឺប្រជាពលរដ្ឋទាំង១១ គ្រួសារ ដែលមានឈ្មោះ ១./ ឈ្មោះ ឆន ធឿន និងប្រពន្ធឈ្មោះ គង់ រិន ២./ឈ្មោះ ធ្នើម ដន និងប្រពន្ធឈ្មោះ នៅ អូន ៣./ឈ្មោះ យ័ន សុផល ភេទប្រុស ៤./ឈ្មោះ ស៊ុន អឿន និងប្រពន្ធឈ្មោះ ហ៊ុន សុឃីម ៥./ឈ្មោះ សុខ អ៊ន និងប្រពន្ធឈ្មោះ សឿន សុជា ៦./ឈ្មោះ ឡុង ម៉េង និងប្រពន្ធឈ្មោះ សន ថុល ៧./ឈ្មោះ សាវ ខុន ភេទប្រុស ៨./ឈ្មោះ រឿន រិន ភេទប្រុស ៩./ឈ្មោះ អោក ផន និងប្រពន្ធឈ្មោះ ឆែម សុខខឿន ១០./ឈ្មោះ សោម ហាយ ភេទប្រុស ១១./ឈ្មោះ ឡាក់ លីម ភេទប្រុស ដែលពួកគាត់បានកាន់កាប់ពីឆ្នាំ២០០០ រហូតលក់ឲ្យឈ្មោះ នៅ សៀម បន្ទាប់មកឈ្មោះ នៅ សៀម បន្តលក់ឲ្យខ្ញុំបាទ ក៏ពួកគាត់នៅបន្តកាន់កាប់រហូតមកដល់បច្ចុប្បន្ននេះ។
-៣. ចំពោះការលើកឡើងរបស់ឈ្មោះ ភឺន ផល្លា ថាខ្លួនបានចុះទិញដីជាបន្តបន្ទាប់ចាប់ពីឆ្នាំ២០០៥ រហូតដល់ឆ្នាំ២០០៨ ហើយបានឈូសឆាយកាយព្រំថែរក្សាជារៀងរហូតមកដល់បច្ចុប្បន្ន ទើបនៅឆ្នាំ២០១៨ បានលក់ទៅឲ្យឈ្មោះ ជា ស៊ីណា និងឈ្មោះ ប៊ូ ស្រី នោះ តើឈ្មោះ ភឺន ផល្លា ធ្វើការឈូសឆាយ និងកាន់កាប់នៅទីតាំងណាខ្លះ? សូមបង្ហាញភស្តុតាង ដោយហេតុថា នៅលើទីតាំងដីរបស់ប្រជាពលរដ្ឋទាំង ១១គ្រួសារ គឺពួកគាត់បានរស់នៅអាស្រ័យផលតាំងពីឆ្នាំ២០០០ រហូតមកដល់បច្ចុប្បន្ន ដោយបានធ្វើហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទឹក ជីកប្រឡាយ ស្រះទឹក ដាំឈូក និងដំណាំផ្សេងៗជាច្រើនទៀត មិនដែលមានបុគ្គលណាម្នាក់មករំខាន ឬ ប្ដឹងតវ៉ាហាមឃាត់មិនអោយរស់នៅ និងអាស្រ័យផលនោះឡើយ។
-៤. ចំពោះការលក់ដីរបស់ឈ្មោះ ភឺន ផល្លា ទៅឲ្យឈ្មោះ ជា ស៊ីណា ចំនួន ៨០ ហិកតា ដែលមានព្រំជាប់ជាមួយខ្ញុំបាទឈ្មោះ ប៊ុន កែវឡុង និងឈ្មោះ ប៊ូ ស្រី ចំនួន ៤២ហិកតា នោះ គឺដីមួយផ្នែករបស់ឈ្មោះ ប៊ូ ស្រី បានជាន់ជាមួយខ្ញុំបាទ ហើយក៏ត្រូវបានដោះស្រាយចប់សព្វគ្រប់ដោយទទួលស្គាល់ទំហំដីគ្នាទៅវិញទៅមករួចអស់ហើយ រហូតឈានដល់ដំណើរការនីតិវិធីចុះបញ្ជីលក្ខណៈជាប្រព័ន្ធទទួលបានបង្កាន់ដៃទាំងអស់គ្នារួចជាស្ថាពរ រងចាំតែទទួលប្លង់រឹង។
-៥. អ្វីដែលជាបញ្ហាទំនាស់នាពេលបច្ចុប្បន្ននេះ គឺមកពីការលក់ដីរបស់ឈ្មោះ ភឺន ផល្លា ទៅឲ្យឈ្មោះ ជា ស៊ីណា។ ហើយមានការត់ការធ្វើប្លង់កម្មសិទ្ធិឲ្យឈ្មោះ ជា ស៊ីណា នៅក្រោយពេលដែលរដ្ឋបាលសុរិយោដីប្រកាសបិទតំបន់វិនិច្ឆ័យដើម្បីចេញប័ណ្ណកម្មសិទ្ធិក្នុងការចុះបញ្ជីជាប្រព័ន្ធជូនខ្ញុំបាទឈ្មោះ ប៊ុន កែវឡុង និងឈ្មោះ ប៊ូ ស្រី ស្រាប់តែមានការរត់ការ ផ្ទេរកម្មសិទ្ធិឲ្យឈ្មោះ ជា ស៊ីណា ដែលបានទិញពីឈ្មោះ ភឺន ផល្លា ពោលគឺនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ឈ្មោះ ជា ស៊ីណា និងឈ្មោះ ហៀ ហ៊ីន បានដាក់ពាក្យស្នើសុំចុះបញ្ជីបំពេញបន្ថែម។
-៦. បន្ទាប់មក នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ រដ្ឋបាលស្រុកមុខកំពូលបានចេញសេចក្ដីជូនដំណឹងស្ដីពីការឲ្យក្រុមមន្ដ្រីជំនាញចុះកំណត់ព្រំវាស់វែង និងបំពេញបែបបទប្រមូលទន្និន័យក្បាលដី ដោយកំណត់កាលបរិច្ឆេទចុះវាស់វែង នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង៨ព្រឹក ប៉ុន្តែជាក់ស្ដែងមិនឃើញមានវត្តមានមន្ដ្រីជំនាញ និងអាជ្ញាធរចុះទៅវាស់វែងនោះទេ។ លុះនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ រដ្ឋបាលស្រុកមុខកំពូលបានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ រួមមានផែនទីក្បាលដី គំនូសបង្ហាញផែនទីក្បាលដី និងបញ្ជីឈ្មោះម្ចាស់ដី ដើម្បីឲ្យសាធារណៈជន ពិសេសអ្នកកាន់កាប់ដីដែលពាក់ព័ន្ធនឹងទន្និន័យក្បាលដីនេះ ធ្វើការប្ដឹងជំទាស់ ឬតវ៉ា ដោយបានទុករយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងដំណាក់កាលទាំងពីរខាងលើ គឺខ្ញុំបាទបានដាក់ពាក្យបណ្ដឹងទប់ស្កាត់ ជំទាស់ តវ៉ាទៅស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ប៉ុន្តែមិនមានចំណាត់ការទាល់តែសោះ។ ផ្ទុយទៅវិញ មន្ត្រីសុរិយោដីបានពន្លឿននីតិវិធីទាំងមិនប្រក្រតីក្នុងការចេញប័ណ្ណកម្មសិទ្ធិឲ្យទៅឈ្មោះ ជា ស៊ីណា និងឈ្មោះ ហៀ ហ៊ីន ឲ្យខានតែបាន។
-៧.សរុបសេចក្ដីមក អ្វីដែលជាការបំភ្លឺរបស់ខ្ញុំបាទគឺជាការពិត ហើយមានសាក្សីដីសំខាន់គឺ ឈ្មោះ ប៊ូ ស្រី ដែលជាអ្នកទិញដីផ្ទាល់ពីឈ្មោះ ភឺន ផល្លា ហើយជាន់លើដីរបស់ខ្ញុំបាទ ដោយគាត់បានបញ្ជាក់ថា ដីទំហំ ២៥៥១០៦ មែត្រការ៉េ ពិតជាដីរបស់ខ្ញុំបាទពិតប្រាកដមែន ហើយបានបន្ទោសឈ្មោះ ភឺន ផល្លា ថាដីដែលលក់ឲ្យឈ្មោះ ជា ស៊ីណា ទំហំ ៨០ហិកតានោះគឺនៅកន្លែងផ្សេងទេ ហេតុអ្វីបានជាធ្វើប្លង់គ្របលើដីខ្ញុំបាទឈ្មោះ ប៊ុន កែវឡុង (មានសារជាសំឡេង)។ ម៉្យាងទៀត ឈ្មោះ ប៊ូ ស្រី ក៏បានបញ្ជាក់ផងដែរថាទីតាំងដីរបស់ខ្ញុំបាទគឺមានប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលខ្ញុំបាទអនុញ្ញាតឲ្យរស់នៅ កាន់កាប់ និងអាស្រ័យផល ប្រសិនបើ ឈ្មោះ ជា ស៊ីណា ចុះទៅទាមទារថាជាកម្មសិទ្ធិរបស់ខ្លួននោះ ប្រាកដជាប្រឈមមុខប៉ះទង្គិចជាមួយប្រជាពលរដ្ឋដែលចាំដីឲ្យខ្ញុំជាក់ជាមិនខាន (មានសារជាសំឡេង)។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម អង្គភាពសារព័ត៌មាន និងសាធារណៈជន ជ្រាបជាព័ត៌មាន៕
-5226982309493615911 -5226982309493615911 -5226982309493615911 -5226982309493615911
ដោយ ៖ មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត»