ខេត្តសៀមរាប៖ អ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលពង្រឹងតួខ្លោងទ្វារខាងកើយប្រាសាទមេបុណ្យខាង កើត ដែលមានសភាពទ្រុឌទ្រោមខ្លាំង។
ការជួសជុលនេះ បានផ្តោតលើការងារសំខាន់ៗមួយចំនួនដូចជា ធ្វើការពង្រឹងរចនាសម្ព័ន្ធថ្មភក់និងថ្មបាយក្រៀមផ្នែកខាងក្រោម ជួសជុលពង្រឹងឡើងវិញរចនាសម្ព័ន្ធឥដ្ឋផ្នែកខាងលើដែលមានសភាពពុកផុយ បិទបាយអតាមស្នាមប្រេះការពារជម្រាបទឹក ព្រមទាំងធ្វើការទល់ទ្រ ដើម្បីទប់លំនឹងតួខ្លោងទ្វារទាំងមូលផងដែរ។
នេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តជាប្រចាំ ក្នុងគោលគំនិតដើម្បីថែរក្សាលើកតម្លៃប្រាសាទផង និងដើម្បីរក្សាសុខសុវត្ថិភាពដល់ភ្ញៀវទេសចរផង។
សូមបញ្ជាក់ថា ប្រាសាទមេបុណ្យត្រូវបានកសាងឡើងនាពាក់កណ្តាលសតវត្សរ៍ទី១០ ក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នទី១ ដើម្បីឧទ្ទិសថ្វាយចំពោះព្រះឥសូរ ក្នុងព្រហ្មញ្ញសាសនា៕
ដោយ៖ សូរិយា