ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ទីបំផុតម្ចាស់ផេកហ្វេសប៊ុកឈ្មោះ គុណ ឪពុកម្តាយ ដែលមានឈ្មោះ ស្វាយ ផល្លា បុខរបរ កសិករ មានទីលំនៅបច្ចុប្បន្នភូមិជ្រែ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានចូលខ្លួនមកបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីព្រឹកមិញនេះ ជុំវិញការបង្ហោះផ្សព្វផ្សាយព័ត៌មានមិនពិត ដែលមានខ្លឹមសារថា (ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកំពុងតាមចាប់អ្នកដែលប្រើ ហិង្សា លើកុមារនៅក្នុងសាលារៀនដែលរូបភាពនោះគឺនៅបរទេស) ដើម្បីធ្វើកិច្ចសន្យាទទួលកំហុស និងសុំទោសជាសាធារណៈ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះការផុសព័ត៌មានគ្មានប្រភពច្បាស់លាស់ បំពុលសង្គម។
ជាមួយគ្នានេះសមត្ថកិច្ចក៏បានឲ្យធ្វើកិច្ចសន្យា និងអប់រំណែនាំឱ្យបញ្ឈប់ការផុសព័ត៌មានមិនពិតនេះតទៀតទេ។
សូមជម្រាបជូនថា លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកុម្ភៈម្សិលមិញ សូមធ្វើការបដិសេធដោយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មិនមានចេញបទបញ្ជាតាមស្វែងរកចាប់ខ្លួនទៅលើបុរសម្នាក់ជាគ្រូបង្រៀនដែលប្រើអំពើ ហិង្សា លើកុមារនោះទេ ដោយសាររូបភាព ហិង្សា នោះគឺនៅបរទេសមិនមែននៅកម្ពុជាយើងទេ សូមសាធារណជនមេត្តាជ្រាបកុំឱ្យមានការយល់ច្រឡំ។
ដោយថ្មីៗនេះមានគណនីផេកឈ្មោះ គុណ ឪពុកម្តាយ បានផុសព័ត៌មានថាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកំពុងតាមចាប់អ្នកដែលប្រើ ហិង្សា លើកុមារនៅក្នុងសាលារៀន ដែលការបង្ហោះខ្លឹមសារបែបនេះធ្វើឱ្យមហាជនមានការយល់ច្រឡំ។
ជាមួយគ្នានេះ លោកអ្នកនាំពាក្យ សូមឱ្យម្ចាស់ផេកឈ្មោះ គុណ ឳពុកម្តាយ ត្រូវលុបចោលខ្លឹមសារនេះជាបន្ទាន់ បើមិនដូច្នេះទេសមត្ថកិច្ចនិងអនុវត្តតាមនីតិវិធី៕
ដោយ៖ តារា