ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល៖​ ចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធករណីជំងឺផ្តាសាយបក្សីលើក្មេងស្រីអាយុ១៧ឆ្នាំ ទីលំនៅនៅស្រុកឈូក ខេត្តកំពត

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០២៤​ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា មាន អ្នកជំងឺផ្តាសាយបក្សី ចំនួន ០១ករណីទៀត កើតលើក្មេងស្រីអាយុ១៧ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុស ផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានទីលំនៅក្នុងភូមិដំណាក់ទ្រព្យខាងត្បូង ឃុំក្រាំងស្វាយ ស្រុកឈូក ខេត្តកំពត។ ក្មេងស្រី នេះ មានគ្រុនក្តៅ ក្អក ហត់ និងពិបាកដកដង្ហើម។ បច្ចុប្បន្នស្ថានភាពអ្នកជំងឺបានធូរស្រាល និងកំពុងទទួល បានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។ តាមការសាកសួរបង្ហាញថា ប្រហែល៥ថ្ងៃ មុន ចាប់ផ្ដើមឈឺ នៅផ្ទះអ្នកជំងឺ មានមាន់ងាប់ចំនួន៧ក្បាល។

ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ ជាមួយក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋានគ្រប់ លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតប ទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស បន្តការស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្ត ស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំង ចែកជូនឱសថតាមីហ្គូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋ នៅក្នុងភូមិដែលកើតហេតុខាងលើ។

ក្រសួងសុខាភិបាល សូមក្រើនរំលឹកសារជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយក ចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាម កំហែងដល់សុខភាពប្រជាពលរដ្ឋយើង ហើយក៏សូមជម្រាបដល់បងប្អូន ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺឬស្លាប់ក្នុងអំឡុង១៤ថ្ងៃ មុនថ្ងៃចាប់ផ្ដើមមានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការ ពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល ដែលនៅជិតលោកអ្នកបំផុតឱ្យបាន ឆាប់ទាន់ពេលវេលា។

របៀបចម្លង៖ ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្តាសាយមួយ ដែលជាធម្មតាចម្លងរវាងសត្វបក្សី ឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សីដែលឈឺឬស្លាប់។ ជំងឺផ្តាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅ មន្ទីរពេទ្យទាន់ពេលវេលា។ ទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែបើវាអាចបំប្លែងខ្លួនអាចឆ្លង ដូចនឹងជំងឺផ្តាសាយតាមរដូវកាលផងដែរ។

វិធានការបង្ការ៖ សារអប់រំរបស់រាជរដ្ឋាភិបាល រួមមាន៖ លាងដៃឱ្យបានញឹកញាប់ ជាមួយ សាប៊ូ និងទឹកមុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ជាមួយបក្សី ដាក់កុមារនៅឆ្ងាយពីសត្វបក្សី និងដាក់ សត្វបក្សីនៅឱ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគសត្វបក្សីឈឺឬងាប់ និងរាល់សត្វបក្សីដែលធ្វើសម្រាប់ បរិភោគត្រូវចំអិនឱ្យឆ្អិនល្អ។

ក្រសួងសុខាភិបាលនឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីព័ត៌មានទាក់ទងនឹងបញ្ហា សុខភាពសាធារណៈ តាមឆាណែលតេឡេក្រាម និងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាល ក៏ដូចជា ទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh ដែល គេហទំព័រនេះមានសម្ភារៈអប់រំសុខភាព ដែលអាចទាញយកមកមើល និងប្រើប្រាស់បាន។ សម្រាប់ព័ត៌មាន បន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃ៕

ដោយ​៖ តារា​


ចែករំលែក៖