ខេត្តស្វាយរៀង៖ បុរសជាប្ដី សង្ស័យបែកថ្នាំបានរត់គេចខ្លួនបន្ទាប់ពីបានប្រើហិង្សា កាប់ប្រពន្ធនិងម្ដាយក្មេក របួសធ្ងន់នៅក្រុងបាវិត។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថាហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង៨និង០០នាទីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភូមិប្រសប់ល័ក្ខ សង្កាត់បាទី ក្រុងបាវិត។
ប្រភពបន្តថា ជនសង្ស័យមានឈ្មោះ នឿន អាយុ៣២ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជៀសឫស្សី ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ (កំពុងរត់គេចខ្លួន)។
ចំណែកប្រពន្ធ រងគ្រោះមានឈ្មោះ សុន សាមន្ថា អាយុ២៨ឆ្នាំ មុខរបរកម្មការិនី មានទីលំនៅភូមិប្រសប់ល័ក្ខសង្កាត់បាទី ក្រុងបាវិត ត្រូវប្តីកាប់ជាច្រើនកាំបិត ១កាំបិតចំក្បាល របួសធ្ងន់ ១កាំបិតចំគល់ក និង១កាំបិតចំកំភួនដៃស្តាំរបួសធ្ងន់ និងម្ដាយក្មេកមានឈ្មោះ ខាត់សាមី អាយុ៥២ឆ្នាំ មុខរបរជាអ្នកធ្វើអនាម័យនៅទួលយាយដូន មានទីលំនៅភូមិកើតហេតុខាងលើ (ជាម្តាយក្មេក) ត្រូវជនសង្ស័យកាប់១កាំបិតដាច់ប្រអប់ជើងខាងឆ្វេង និង១កាំបិតដាច់មេជើងខាងឆ្វេង និង១កាំបិតចំភ្លៅឆ្វេងរបួសធ្ងន់។
ក្រោយពីកើតហេតុសាច់ញាតិជនរងគ្រោះបានមកប្តឹងទៅសមត្ថកិច្ចមកដល់ក៏ហៅរថយន្តសាមុយដឹកជនរងគ្រោះ២នាក់ម្តាយកូនទៅមន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីសង្គ្រោះ។
រីឯជនសង្ស័យបានគេចខ្លួនបាត់ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់ ។
សមត្ថកិច្ចធ្វើការសន្និដ្ឋាន ជាករណីប៉ុនប៉ងធ្វើមនុស្សឃាដដោយចេតនា មិនបានសម្រេច នេះដោយសារតែភ្លើងប្រចណ្ឌ៕
ដោយ៖ សុថាន