ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ យើងត្រូវរៀបចំផ្ទះយើងឱ្យបានស្អាត ដើម្បីបម្រើប្រជាជន ពោលគឺត្រូវពង្រឹងការកែសម្រួលវិធីសាស្ត្រ ដោយបន្តធ្វើកំណែទម្រង់នៅតាមក្រសួង-ស្ថាប័ននានា ដើម្បីត្រួតពិនិត្យ និងវាយតម្លៃយន្តការផ្សេងៗ ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាពការងារ និងកាត់បន្ថយភាពអវិជ្ជមានផ្សេងៗ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ឆ្នាំ២០២៣” ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ គ្រប់កិច្ចការដែលយើងធ្វើ ត្រូវគិតលើគោលការណ៍សំខាន់ៗ ចំនួន២ គឺ ទី១.ផលវិជ្ជមានដែលបានដាក់ចេញ និងទី២. ផលអវិជ្ជមាន ដែលជាចំណុចខ្សោយ ហើយដែលយើងត្រូវដាក់ចេញផែនការមុតស្រួច ដើម្បីកែសម្រួលឱ្យដើរទៅមុខ។ នេះជាអ្វីដែលយើងចាំបាច់ត្រូវធ្វើ បើធ្វើអ្វីមួយ អត់មួយ គឺមិនអាចដើរទៅលឿនបានទេ បើផ្តោតតែផលវិជ្ជមាន ភ្លេចទទួលស្គាល់វិធានការដោះស្រាយ នោះវានឹងធ្វើឱ្យយើងដើរយឺត ឬជួនកាលអាចដើរជំពប់ជើងដួលផងក៏ថាបាន។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីបំណងក្នុងការរៀបចំមន្ត្រីកិច្ចសន្យាជំនាញដើម្បីជួយទៅដល់ក្រសួងស្ថាប័នជាតិ។
សម្ដេចថា ៖ ការធ្វើបែបនេះគឺដើម្បីធានាពីធនធានមនុស្សដែលអាចជួយក្នុងស្ថាប័នសាធារណៈរបស់រដ្ឋបាន។
បើតាមសម្ដេចធិបតី មន្ត្រីកិច្ចសន្យាជំនាញគឺជាមន្ត្រីដែលមិនមែនជាក្របខណ្ឌរដ្ឋ ក៏ប៉ុន្តែជាមន្ត្រីដែលមានជំនាញ ឬក៏ជាមន្ត្រីដែលចូលនិវត្តន៍តែមានលទ្ធភាពក្នុងការបំពេញការងារបាន ៕
ដោយ ៖ សិលា