ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ទុកម៉ូតូក្រោមសាលាឆាន់ក្នុងវត្តចុះមកវិញបាត់ម៉ូតូ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ពុទ្ធបរិស័ទលោកតាអាចារ្យនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានបន្ទាប់ពីបុរសម្នាក់បានទុកម៉ូតូក្រោមសាលាឆាន់នៅក្នុងវត្តរួចឡើងទៅលើមកបុណ្យព្រោះជាថ្ងៃសីលនិងបុណ្យមាឃបូជាខណៈចុះមកវិញបាត់ម៉ូតូតែម្ដង។

យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងនារសៀលថ្ងៃទី២៥ខែកុម្ភ:ឆ្នាំ២០២៤នេះថា ម្ចាស់ម៉ូតូរងគ្រោះមានឈ្មោះ ឃុត យូ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកសិកររស់នៅភូមិភូមិពពួល ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។

ចំណែកម៉ូតូដែលបាត់ម៉ាក ហុងដា ឌ្រីមស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1 FM- 7226 ។

ប្រភពពីម្ចាស់ម៉ូតូឈ្មោះ ឃុត យូ បានប្រាប់សមត្ថកិច្ចថាកាលពី ថ្ងៃទី ២៤ខែកុម្ភ:ឆ្នាំ ២០២៤ ខ្លួនបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីមស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1 FM- 7226 ចេញពីផ្ទះមកវត្តដោយជាថ្ងៃសីលនិងបុណ្យមាឃបូជាដោយបានយកកម៉ូតូមកចតទុកខាងក្រោមសាលាឆាន់រហូតដល់វេលាម៉ោង១រសៀលថ្ងៃដដែលពេលទំនេររួចរាល់ដៃ ក៏ចុះមកយកម៉ូតូត្រឡប់មកផ្ទះស្រាប់តែក្រឡេកមើលម៉ូតូមិនឃើញក៏មានការភ្ញាក់ផ្អើលតែម្ដង។

បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខសញ្ញា ជនសង្ស័យ ដើម្បីចាត់ការបន្តតាមច្បាប់ឱ្យខានតែបាន៕

ដោយ៖ សុថាន

 


ចែករំលែក៖