ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបង្ហាញមុខ​ឈ្មួញ​គ្រឿងញៀន​ចំនួន​៣នាក់ ជា​ជន​ជាតិ​ចិន ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​រាជធានី​ភ្នំពេញ និង​រឹបអូស​ថ្នាំ​ញៀន​ប្រមាណ​ជាង​១៦​គីឡូក្រាម​ ជា​ប្រភេទ​ថ្នាំ​គ្រវី

ចែករំលែក៖

ភ្នំពេញ ៖ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៤ បាន​បង្ហាញមុខ​ឈ្មួញ​គ្រឿងញៀន​ចំនួន​៣នាក់ ជា​ជន​ជាតិ​ចិន ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​រាជធានី​ភ្នំពេញ និង​រឹបអូស​ថ្នាំ​ញៀន​ប្រមាណ​ជាង​១៦​គីឡូក្រាម​ ជា​ប្រភេទ​ថ្នាំ​គ្រវី ។

ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ទី​៣ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការ​សម្របសម្រួល​ពី​លោក គឹ​ម ហុង​សាន ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៤ បាន​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក ដឹក​ជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​មួយ​ករណី ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន​៣​នាក់ ។

កិច្ច​បង្ក្រាប​នោះ​ដំបូង​ឡើយ​កម្លាំង​ក​៣ បាន​ប្រើប្រាស់​ជំនាញ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅ​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ និង​រឹបអូស​សារធាតុ​ញៀន​បាន​មួយ​ចំនួន ។ ក្រោយ​ឃាត់ខ្លួន​ជន​សង្ស័យ​ម្នាក់​យក​ទៅ​សាកសួរ ទើប​បន្ត​ទៅ​ឃាត់​បក្ខពួក​២​នាក់​ទៀត​ដែល​កំពុង​ស្នាក់​នៅ​ខុន​ដូ​មួយ​កន្លែង ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង​រាជធានី​ភ្នំពេញ និង​ចាប់​យក​វត្ថុ​តាង​គ្រឿងញៀន​មួយ​ចំនួន​ធំ ប្រភេទ​ថ្នាំ​គ្រវី​ធ្វើ​ឲ្យ​សប្បាយ   

សមត្ថកិច្ច​មិន​ទាន់​បាន​ធ្វើ​របាយ​ការ​លម្អិត ស្តី​ពី​ករណី​បង្ក្រាប​គ្រឿង​ញៀន​នោះ​នៅឡើយ​ទេ គ្រាន់តែ​បង្ហើប​បឋម​ឲ្យ​ដឹង​ថា សារធាតុ​ញៀន​ដែល​ដកហូត​បាន​ពី​ឈ្មួញ​ចិន​៣នាក់​នោះ​សរុប​មាន​ចំនួន​ជាង​១៦​គីឡូក្រាម ៕


ដោយ ៖ សិលា


ចែករំលែក៖