ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមក្មេងទំនើងមួយក្រុមប្រដាប់ដោយដាវដេញកាប់យុវជន២នាក់បណ្តាលឱ្យរងរបួសធ្ងន់និងស្រាល

ចែករំលែក៖

ភ្នំពេញ ៖ យុវជនពីរនាក់ជិះម៉ូតូឌុបគ្នាក្នុងបរិវេណបឹងកក់ត្រូវបានក្រុមក្មេងទំនើងប្រដាប់ដោយដាវដេញកាប់បណ្ដាលឱ្យរងរបួសធ្ងន់និងស្រាលទាំង២នាក់ ហើយអ្នករងរបួសធ្ងន់ត្រូវបានបុរសចិត្តធម៌ម្នាក់ យករថយន្តផ្ទាល់ខ្លួនដឹកទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅឯមន្ទីរពេទ្យ ចំណែកឯម្នាក់ទៀតដែលរងរបួសស្រាលបានរត់គេចខ្លួនរួច។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ១១និង៥០នាទីយប់ថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២៤ នៅក្នុងបរិវេណបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីស្រ្តីម្នាក់ដែលបានឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុគាត់ឃើញបុរសរងគ្រោះ២នាក់ នេះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1BE-7178 ជិះឌុបគ្នាតាមបណ្តោយផ្លូវបេតុង ក្នុងបរិវេណបឹងកក់ក្នុងទិសដៅពីត្បូងសំដៅទៅជើង ខណៈជិះមកដល់ក្បែរចំណុចកើតហេតុ ស្រាប់តែមានក្មេងទំនើងមួយក្រុមមានគ្នា៦នាក់ជិះម៉ូតូពីរគ្រឿងប្រដាប់ដោយដាវបានជិះប្រដេញតាមពីក្រោយជនរងគ្រោះរួចក៏បានដកដាវមកកាប់ប្រហារទៅលើយុវជនរងគ្រោះទាំងពីរនាក់ជាច្រើនដាវបណ្ដាលឱ្យជនរងគ្រោះម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ហើយជនបង្កក៏បានបើកម៉ូតូគេចខ្លួនបាត់ស្រមោលទៅ។

បន្ទាប់ពីកើតហេតុក៏មានកម្លាំងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុដើម្បីសួរនាំ និងមានបុរសម្នាក់បានបើករថយន្តផ្ទាល់ខ្លួនជូនជនរងគ្រោះទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖