ខេត្តត្បូងឃ្មុំ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមុិញ បានថ្លែងអំណរគុណដល់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ដែលបានសម្របសម្រួលដល់ ក្រុមការងារជំនាញ នៃប្រទេសកាណាដា បានកំពុងតម្លើងទោងជិះកម្សាន្ត នៅតំបន់ទន្លេស្ងួត ក្នុងភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ឧទ្យានទន្លេស្ងួត គឺជាសមិទ្ធផលថ្មី របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលបានសាងសង់ឡើងតាមផែនការ ក្នុងការលើកកម្ពស់ជីវភាពប្រជាប្រជាពលរដ្ឋមូលដ្ឋាន តាមរយៈការបង្កើនប្រាក់ចំណូល ពីទេសចរណ៍កោលដៅកម្សាន្តបៃតងនិងអព្យាក្រឹតកាបូន។
បច្ចុប្បន្ន គ្រឿងឧបករណ៍សម្រាប់ជិះទោងកម្សាន្ត កំពុងតែតម្លើង ដែលនឹងលេចចេញជារូបរៀងនៅក្នុងប៉ុន្មានថ្ងៃខាងមុខ។ សិទ្ធផលថ្មីនេះ មិនត្រឹមតែមានប្រយោជន៍ មិនត្រឹមជាកន្លែងកម្សាន្តសម្រាប់កុមារ និងប្រជាសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជួយតំបន់ក្លាយជាទីកន្លែងទាក់ទាញទេសចរជាតិ-អន្តរជាតិ មកកម្សាន្តថែមទៀត ដោយសារនៅក្នុងតំបន់ទន្លេស្ងួត ដែលមានផ្ទៃដី១៤ហិកតា ត្រូវបាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំរៀបចំបង្កើតឱ្យមានកន្លែងកម្សាន្តបែបធម្មជាតិជាច្រើន និងជាដំណាក់កាលៗ ដូចជា កន្លែងជិះទោងកម្សាន្ត កន្លែងលេងកីឡា (បាល់ទះ និង បាល់ទាត់) កន្លែងធម្មជាតិ ព្រៃឈើ វប្បធម៌ ប្រវត្តិសាស្រ្ត ទស្សនាទេសភាព កន្លែងស្ទូចត្រី កន្លែងចិញ្ចឹមត្រី និងប្រព័ន្ធធារាសាស្រ្ត សម្រាប់បម្រើឱ្យការស្រោចស្រពស្រែចំការប្រជាពលរដ្ឋផងដែរ។
ដោយសារតំបន់មានសក្តានុពលធម្មជាតិ រួមមានសួនច្បារផ្កាស្បៃរឿង១លានគុម្ព ដាំដុះតាមបណ្តោយទន្លេស្ងួត ប្រវែងជាង១គីឡូម៉ែត្រ និងទទឹង៣ម៉ែត្រ ព្រទាំងមានទីតាំងប្រវត្តិសាស្រ្តផ្សេងទៀត រួមមានប្រាសាទព្រះធាតុ ទីទួលបុរាណ និងវត្តព្រះធាតុបាស្រី ដែលល្បីល្បាញខាងផ្នែកជំនឿប្រពៃណី របស់ប្រជាពលរដ្ឋ ដែលមកបែបន់ តែងបានសម្រេចតាមបំណងប្រាថ្នា។
លោក រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ឧទ្យានទន្លេស្ងួត នឹងប្រែក្លាយជាសហគមន៍គោលដៅកម្សាន្តបៃតង ដ៏ទាក់ទាញ និងផ្តល់ប្រាក់ចំណូលបន្ថែមជូនប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន តាមរយៈការផ្តល់សេវាកម្មទេសចរណ៍ដ៏សម្បូរបែបដូចជា កញ្ចុះសម្រាប់អង្គុយលេង និងកន្លែងស្ទូចត្រីកម្សាន្ត មគ្គុទេសក៍ទេសចរណ៍ ក្នុងតំបន់វប្បធម៌ធម្មជាតិនេះ ព្រមទាំងផ្តល់សេវាកម្មម្ហូបអាហារ ការលក់ដូរកសិផលក្នុងស្រុកជូនភ្ញៀវទេសចរណ៍ ប្រកបដោយចិត្តស្អាត ស្មោះត្រង់ និងផ្ដល់នូវផាសុកភាពជូនភ្ញៀវទេសចរណ៍ និងកាត់បន្ថយការបំពុលនានាទៅក្នុងបរិយាកាស ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីលើកស្ទួយការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបៃតង៕
ដោយ ៖ សិលា