ព័ត៌មានទាន់ហេតុការណ៍៖

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ចុះអប់រំផ្សព្វផ្សាយស្ដីពីការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងធ្វើពលកម្មសម្អាតបរិស្ថាន…!!!

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅថ្ងៃចន្ទ ទី២៦  ខែកុម្ភៈ ឆ្នាំ២០២៤ លោក កែវ ផល នាយកសាខាបានដឹកនាំមន្រ្តីសាខា ទីប្រឹក្សាយុវជន និងយុវជន កក្រក ចុះអប់រំផ្សព្វផ្សាយអំពីការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ផ្តោតលើការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ស្របតាពាក្យស្លោក“លាហើយ ប្លាស្ទិក” និង ” យើងខ្ញុំទាំងអស់គ្នាប្តេជ្ញា មិនប្រើថង់ប្លាស្ទិកទេ” ដល់សិស្សានុសិស្សនៃវិទ្យាល័យតេជោ ហ៊ុនសែន បារាយណ៍ និងវិទ្ល្យាល័យហ៊ុនសែនស្រះបន្ទាយ សរុបអ្នកចូលរួមចំនួន២,១៣៤ នាក់ ស្រីចំនូន១,៣០២នាក់ ព្រមទាំងបានធ្វើពលកម្មសម្អាតបរិស្ថានជុំវិញសាលា បានចំនួន២លើក ។

នាឱកាសនោះ លោកនាយក បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ លោក ងួន រតនៈ  ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ  ដែលជានិច្ចកាលលោកតែងតែគិតគូរពីសុខភាព និងការរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ពិសេស ប្អូនៗ ក្មួយៗ ដែលជាសិស្សានុសិស្ស។ បន្ថែមពីនេះ លោកនាយកក៏បានមានប្រសាសន៍សំណេះសំណាល និងអប់រំផ្សព្វផ្សាយដល់សិស្សានុសិស្សពីគុណវិបត្តិនៃការប្រើប្រាស់ថង់ប្លាស្ទិក ដោយលោកបានលើកឡើងថា សម្រាប់ថង់ប្លាស្ទិកដែលផលិតឡើងពីប្រេងខ្មៅ និងសារធាតុគីមី “តូនិច” វាមានផលអាក្រក់ខ្លាំងណាស់ដល់បរិស្ថាន វាត្រូវការចំណាយពេលរហូតដល់ទៅ៥០០ឆ្នាំ ទើបរលាយ និងបញ្ចេញជាតិពុល ដែលធ្វើអោយប៉ះពាល់ខ្លាំងដល់សភាវៈមានជីវិតទាំងលើដីនិងក្នុងទឹកពិសេសធ្វើអោយផែនដីឡើងកំដៅ។ ដូចនេះដើម្បីចូលរួមចំណែកក្នុងការថែរក្សាបរិស្ថាននិងជីវិតទាំងឡាយនៅលើភពផែនដី យើងទាំងអស់គ្នាត្រូវចូលរួមក្នុងការបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិក។

ឆ្លៀតក្នុងឱកាសនេះផងដែរលោកនាយកបានមានប្រសាសន៍បន្ថែមណែនាំដល់សិស្សានុសិស្សទាំងអស់សូមចូលរួមកាត់បន្ថយការពិសារគ្រឿងកំប៉ុងដែលមានជាតិផ្អែមៗដើម្បីការពារនូវជំងឺផ្សេងៗ ពិសេសជំងឺមិនឆ្លងគឺជំងឺទឹកនោមផ្អែមព្រោះជាជំងឺមួយកំពុងតែរីករាលដាលក្នុងប្រទេសកម្ពុជា មិនថាមនុស្សចាស ឬក្មេងនោះទេ ៕

ដោយ ៖ សិលា


ចែករំលែក៖