ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសាររំលែកទុក្ខ យ៉ាងក្រៀមក្រំជាទីបំផុត ចំពោះព្រះដំណើរអនិច្ចធម្ម សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញសារ សូមសម្តែងនូវទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ចំពោះព្រះដំណើរអនិច្ចធម្ម សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០៥:៤០នាទីល្ងាច នៅវត្តឧណ្ណាលោម រាជធានីចតុមុខសិរីមង្គល ក្នុងព្រះជន្ម ៩៣ ព្រះវស្សា  ដោយព្រះជរាពាធ ។

សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ជាសម្តេចព្រះមហាថេរដែលមានព្រះគុណូបការៈដ៏ឧត្តុង្គឧត្តមបំផុត ក្នុងមួយព្រះជន្មសម្តេចបានលះបង់កម្លាំងព្រះកាយពល និងព្រះបញ្ញាញាណ ក្នុងបុព្វហេតុព្រះពុទ្ធសាសនា សង្គមជាតិ វប្បធម៌ អរិយធម៌ អក្សរសាស្ត្រ ជាពិសេសចំពោះបុព្វហេតុនៃការរីកចម្រើនរុងរឿងក្នុងវិស័យព្រះពុទ្ធសាសនា ។ ចំពោះព្រះដំណើរអនិច្ចធម្មនៃសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស គឺជាការបាត់បង់នូវធនធានដ៏កម្របំផុតរបស់ព្រះពុទ្ធសាសនា ដោយហេតុថា សម្តេចគឺជាវិញ្ញូសង្ឃ ដែលបានស្ថាបនានូវស្នាព្រះហត្ថយ៉ាងច្រើនអនេក ទាំងពុទ្ធចក្រ និងអាណាចក្រ ទុកសម្រាប់បច្ឆាជន ប្រើប្រាស់ជាធនធានក្នុងការរួមចំណែកអភិវឌ្ឍសង្គមមជាតិ តទៅអនាគត ។

សូមឧទ្ទិសថ្វាយព្រះរាជកុសល ដល់ព្រះវិញ្ញាណក្ខន្ធ សម្តេច​ព្រះ​អគ្គមហា​សង្ឃ​រាជាធិបតី​ កិត្តិ​ឧទ្ទេស​បណ្ឌិត​ ទេព​ វង្ស​ សូមព្រះវិញ្ញាណក្ខន្ធសម្តេច បានយាងទៅកាន់ព្រះសុគតិភាព និងទីបំផុតនៃព្រះជាតិ សូមបានយាងទៅដល់ស្ថានបរមសុខគឺព្រះនិព្វាន កុំបីឃ្លៀងឃ្លាតទ្បើយ៕

ដោយ ៖ សិលា


ចែករំលែក៖