ភ្នំពេញ ៖ រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេច ស្តីពី ការបង្កើតគណៈកម្មការរៀបចំពិធីបុណ្យថ្វាយព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា សម្រេច ៖ ត្រូវបានបង្កើតគណៈកម្មការរៀបចំពិធីបុណ្យថ្វាយព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិ ឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសមាសភាព ដូចខាងក្រោម៖
១- សម្ដេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ព្រះប្រធានកិត្តិយស
២- សម្ដេចព្រះពោធិវង្សកិត្តិបណ្ឌិត អំ លឹមហេង ព្រះអនុប្រធាន ។
គណៈកម្មការនេះមានភារកិច្ចដូចតទៅ៖
– រួមសហការជាមួយក្រសួង ស្ថាប័ននានា និងគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ដើម្បី រៀបចំពិធីបុណ្យថ្វាយព្រះសព តាមប្រពៃណីជាតិ ឱ្យប្រព្រឹត្តទៅបានល្អប្រសើរបំផុត
– ពិនិត្យនិងលើកសំណើដោះស្រាយរាល់ការលំបាកនានា និងរៀបចំពិធីបុណ្យនិងពិធីតម្កល់ព្រះសព ដែលតម្កល់ក្នុងវត្តឧណ្ណាលោម
– ទទួលបន្ទុករៀបចំក្បួនដង្ហែព្រះសព តុបតែងរថយន្តបុស្បែក និងការធ្វើព្រះមេរុបូជាព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃ ព្រះរាជាណាចក្រកម្ពុជា ឱ្យបានស័ក្តិសមទៅនឹងព្រះកិត្តិយសរបស់ព្រះសព
– រៀបចំឱ្យមានកិច្ចការពារសន្តិសុខនិងសណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យថ្វាយព្រះសពនិងពេលដង្ហែព្រះសព ឱ្យបានល្អប្រសើរ – រៀបចំកម្មវិធីបុណ្យ មានជាអាទិ៍ ការអញ្ជើញថ្នាក់ដឹកនាំចូលរួមដង្ហែនិងបូជាព្រះសព ធ្វើប្លង់ដង្ហែព្រះសព
– រៀបចំទទួលបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំ និងភ្ញៀវជាតិនិងអន្តរជាតិ ដែលអញ្ជើញចូលរួមក្នុង ពិធីបុណ្យ ថ្វាយព្រះសព និងគោរពព្រះវិញ្ញាណក្ខន្ធព្រះសព
– រៀបចំវេទិកាសម្រាប់ភ្ញៀវកិត្តិយស វេទិកាព្រះសង្ឃ និងពុទ្ធបរិស័ទ កៅអី តុ ទេយ្យទាន ភេសជ្ជៈ និងផ្កាខ្លឹមចន្ទន៍
– លើកគម្រោងនិងគ្រប់គ្រងចំណូល ចំណាយថវិការដ្ឋនិងសប្បុរសជន ក្នុងការបម្រើឱ្យពិធីបុណ្យថ្វាយ ព្រះសព ឱ្យប្រព្រឹត្តទៅបានល្អប្រសើរ
– អនុវត្តភារកិច្ចផ្សេងៗទៀតតាមការចាំបាច់សម្រាប់បម្រើឱ្យពិធីបុណ្យថ្វាយព្រះសព។
គណៈកម្មការនេះអាចបង្កើតអនុគណៈកម្មការនិងក្រុមការងារបន្ថែមជាជំនួយការ និងប្រើប្រាស់មន្ត្រី ក្រោមឱវាទតាមការចាំបាច់ ដើម្បីធានាឱ្យការរៀបចំពិធីបុណ្យថ្វាយព្រះសព ប្រព្រឹត្តទៅតាមប្រពៃណីជាតិ ឱ្យស័ក្តិសមនឹងព្រះកិត្តិយសរបស់ព្រះសព។
គណៈកម្មការនេះមានសិទ្ធិប្រើត្រារបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីដំណើរការការងាររបស់ខ្លួន។
រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវ ទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ ៖ សិលា