ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកសង្កែ​ និងស្រុកមោងឫស្សី ឃាត់ខ្លួ​នជនសង្ស័យចំនួន ០២នាក់ ករណីរក្សាទុក​ ចែកចាយ​ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី២៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះថា​ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនខេត្ត និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកសង្កែ​ និងអធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក​ ចែកចាយ​ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ ០២ករណីផ្សេងគ្នា​ កាលពីថ្ងៃទី២៦ ខែកុម្ភៈម្សិលមិញនេះ​។ 

កិច្ចប្រតិបត្តិការទី០១ វេលាម៉ោង១២ និង០០នាទី នៅចំណុចរាំងទទឹង​ តំបន់ព្រៃរនាម ភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ​ ខេត្តបាត់ដំបង​ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាប៉ុន នៃអធិការដ្ឋាននគរបាលស្រុកសង្កែ​ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុក​សង្កែ​ បានចុះល្បាតក្នុងភូមិសាស្ត្រ បង្ក្រាបបានករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី។ ក្នុងកិច្ចប្រតិបត្តិការនេះ​ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ រឿន​ សំណាង ភេទប្រុស​ អាយុ២២ឆ្នាំ​ មានទីលំនៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ​ ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន ៖ 

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ២៤ថង់ 

-សម្ភារៈកែច្នៃសម្រាប់ប្រេីប្រាស់ថ្នាំញៀនមួយចំនួន 

-កំប៉ុងជ័រពណ៌ស​ សម្រាប់រក្សាទុកថ្នាំញៀនចំនួន ០១ 

-ទូរសព្ទ័ដៃចំនួន ០១គ្រឿង 

-កាបូបស្ពាយចំនួន ០១ 

-ម៉ូតូចំនួន ០១គ្រឿង​ ម៉ាកហុងដា​ វ៉េវ​ ពណ៌ខ្មៅ​ ស៊េរីឆ្នាំ២០១៤​ ពាក់ស្លាកលេខ​ កណ្តាល​ 1H-6956 ។

កិច្ចប្រតិបត្តិការទី០២ វេលាម៉ោង១៨ និង៤០នាទី នៅចំណុចក្រុមទី១៣ ភូមិប្ញស្សី២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដឹកនាំដោយលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុក​មោងឫស្សី បានចុះប្រតិបត្តិការ បង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី។ ក្នុងកិច្ចប្រតិបត្តិការនេះ​ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ នី រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិឫស្សី២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

វត្ថុតាងចាប់យកបានរួមមាន ៖ 

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ 

-បំពង់កែច្នៃសម្រាប់ជក់ថ្នាំញៀនចំនួន០១ ។

បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុក​សង្កែ​ និងស្រុក​មោងឫស្សី កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕

ដោយ៖ អរុណរះ


ចែករំលែក៖