អន្តរជាតិ៖ វាជារឿងមួយដែលមិននឹកស្មានដល់ថា ព្យុះផ្គររន្ទះដ៏ខ្លាំងមួយបានវាយប្រហារក្នុងទីក្រុងស៊ីដនី ចម្ងាយត្រឹមតែ ១០ គីឡូម៉ែត្រពីកីឡដ្ឋាន Accor ជាកន្លែងប្រគំតន្ត្រី Eras Tour របស់ Taylor Swift កាលពីល្ងាចថ្ងៃសុក្រសប្ដាហ៍មុននេះ ។ នេះបើយោងតាមសារព័ត៌មាន Daily Mail បានចុះផ្សាយ។
សារព័ត៌មាន Daily Mail បានសរសេរថា អ្នកគាំទ្រនៅខាងក្រោមឆាក ត្រូវបានស្នើសុំឱ្យស្វែងរកទីជម្រក ដោយម្នាក់ៗពាក់អាវភ្លៀងកំពុងរត់រកកន្លែងសុវត្ថិភាពភ្លាមៗ។
ក្នុងនោះផងដែរ កីឡដ្ឋាន Accor បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗមុនម៉ោង ៦ ល្ងាច ដោយជូនដំណឹងដល់ទស្សនិកជនថា “ការសម្តែងរយៈពេល ៣ ម៉ោងនឹងត្រូវពន្យារពេលដោយសារអាកាសធាតុ។ សូមរក្សាសុវត្ថិភាព រហូតដល់មានការជូនដំណឹងបន្ថែម និងអនុវត្តតាមការណែនាំពីបុគ្គលិក”។
សូមជម្រាបជូនថា កម្មវិធីដំបូងរបស់ Taylor Swift នៃ The Eras Tour នៅទីក្រុងស៊ីដនី ត្រូវបានគេសន្មត់ថានឹងចាប់ផ្តើមនៅម៉ោង ៦ៈ២០នាទីល្ងាចជាមួយនឹងតារាចម្រៀង Sabrina Carpenter ជាអ្នកសម្ដែង ហើយ Swift នឹងចាប់ផ្តើមនៅម៉ោង ៧ៈ៣០នាទីយប់។ ដោយសារតែអាកាសធាតុមិនល្អ ការសម្តែងរបស់ Carpenter ត្រូវបានលុបចោលភ្លាមៗដូចគ្នា។
គួរបញ្ជាក់ថា Taylor Swift នឹងសម្តែងរយៈពេលបួនយប់នៅទីក្រុងស៊ីដនី ចាប់ពីថ្ងៃសុក្រដល់ថ្ងៃចន្ទ។ កាលពីចុងសប្តាហ៍មុន នាងមានកម្មវិធីលក់ដាច់ចំនួនបីដែលមានអ្នកទស្សនាបំបែកឯតទគ្គកម្មជាង ៩៦,០០០ នាក់នៅកីឡដ្ឋាន Melbourne Cricket Ground នេះបើតាមសារព័ត៌មាន People បានចុះផ្សាយនាពេលកន្លងមក៕
ដោយ៖ តារា(រូបថត៖ timesng)