ភ្នំពេញ ៖ លោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានណែនាំកីឡាករថា ក្នុងនាមជាកីឡាករចូលរួមប្រកួតត្រូវដាក់គោលដៅត្រូវតែឈ្នះ ប៉ុន្តែឈ្នះដោយប្រើបញ្ញា។
កីឡាករទូក២រូបនិងគ្រូបង្វឹក១រូប ដែលត្រូវទៅចូលរួមបោះជំរុំហ្វឹកហាត់ និងចូលរួមការប្រកួតកីឡាទូកកានូស្លាលុំជ្រើសរើសជើងឯកអាស៊ីលើកទី១៣ (13th Asian Canoe Slalom Champinoshipe)នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ត្រូវបានអនុញ្ញាតឲ្យចូលជួបសំណេះសំណាល និង ទទួលយកនូវអនុសាសន៍ណែនាំ បន្ថែម ពីសំណាក់ លោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអនុប្រធានទី២ សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ។
នាឱកាសនោះ លោក សរ សិទ្ធិ បានផ្តល់អនុសាសន៍ណែនាំថា កីឡាករយើងទៅចូលរួមប្រកួតត្រូវចង់ចាំថា គោលដៅយើងមានតែមួយគត់គឺត្រូវតែឈ្នះ ប៉ុន្តែឈ្នះដោយប្រើប្រាជ្ញា ហើយត្រូវសិក្សាឈ្វេងយល់ឲ្យបានច្បាស់អំពីលក្ខ័ណ្ឌច្បាប់នៃការប្រកួត ព្រោះ កាលណាយើងជាកីឡាករបានស្គាល់ច្បាស់អំពីច្បាប់នៃការប្រកួតនោះ គឺយើងជាអ្នកមានប្រៀបជាងគេ។
លោក អនុប្រធានទី២ បានគូសបញ្ជាក់ថា ការចូលរួមប្រកួតពិតណាស់យើងចង់បានឈ្នះ ប៉ុន្តែការប្រកួតវាមានតែឈ្នះនិងចាញ់ ។ដូច្នោះបើយើងឈ្នះគឺឈ្នះដោយភាពយុត្តិធម៍ ហើយបើយើងចាញ់ គឺចាញ់ដោយក្រមសិល៍ធម៍។ ក្នុងនាមយើងជាកីឡាករកម្ពុជា យើងត្រូវតែរក្សាភាពថ្លៃថ្នូរ ព្រោះយើងទៅប្រកួតនៅលើឆាកអន្តរជាតិគឺយើងជាអ្នផ្សព្វផ្សាយអំពីកេរ្តិ៍ឈ្មោះរបស់កម្ពុជា។ដូច្នោះឈ្នះដោយមោទនភាព ហើយ បើចាញ់ ដោយភាពថ្លៃថ្នូរប្រកបដោយក្រមសិល៍ធម៍។ ឯកឧត្តម បានរំលឹកទៀតថា កីឡាគឺជាការទូត កីឡាគឺជាការចងសម្ព័ន្ធមិត្តរវាងថ្នាក់ដឹកនិងថ្នាក់ដឹកនាំ កីឡាករទៅកីឡាករ និងប្រជាជាតិមួយទៅប្រជាជាតិមួយទៀត។
ឱកាសនោះ លោក សរ សិទ្ធិ ក៏បាននាំយកការផ្តាំផ្ញើរពីសំណាក់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា សូមឲ្យកីឡាករទៅចូលរួមប្រកួតត្រូវចេះស្រលាញ់និងជួយគ្នា ហើយខិតខំហ្វឹកហាត់ក្រេបជញ្ជក់យកចំណេះជំនាញដើម្បីអភិវឌ្ឍសមត្ថភាព និង ខិតខំប្រកួតឲ្យអស់ពីលទ្ធភាព ដើម្បីនាំយកមេដាយ និងកិត្តិយសជូនជាតិមាតុភូមិ។
សូមបញ្ជាក់ថា កីឡាករ២រូប មានឈ្មោះ កីឡាករ ចាន់ សុផៃ កីឡាករកងដាវីត និងគ្រូបង្វឹក លោក គឹម សិរីមង្គល គេទាំង៣រូបនេះ នឹងត្រូវចូលរួមបោះជំរុំហ្វឹកហាត់ និងចូលរួមការប្រកួតកីឡាទូកកានូស្លាលុំជ្រើសរើសជើងឯកអាស៊ីលើកទី១៣ (13th Asian Canoe Slalom Champinoshipe) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ នៅខេត្ត រ៉ាក់យ៉ង ប្រទេសថៃ៕
ដោយ ៖ ភារ៉ា ដង្កោ