ព័ត៌មានទាន់ហេតុការណ៍៖

អនុវត្តតាមសាលក្រមបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួនកំណត់២ ឆ្នាំ ពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃទី២៧ ខែកម្ភៈ ឆ្នាំ២០២៤ កម្លាំងសមត្តកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បានចាប់បញ្ជូនស្ត្រីម្នាក់ទៅតុលាការ ដែលជាការអនុវត្តតាមអំណាចសាលក្រមបង្គាប់ឲ្យចាប់ខ្លួន និងយកទៅឃុំខ្លួនក្នុងពន្ធនាគារកំណត់២ ឆ្នាំ ជាប់ចោទពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបរណ៍អាចជួញដូរបាន ។ 

 ជនជាប់ចោទឈ្មោះ ផាន់ សុភារី ភេទស្រី អាយុ៣៨ ឆ្នាំ មុនចាប់ ខ្លួនស្នាក់នៅផ្ទះលេខ១០២ ផ្លូវ២៩៦ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ 

តាមដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួន ឈ្មោះ ផាន់ សុភារី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចតាមសាលក្រមព្រហ្មទណ្ឌលេខ ២៤៧១ “ង១” ចុះថ្ងៃ ទី០៧ ខែកញ្ញា ឆ្នាំ២០២៣ ដោយផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល ២ឆ្នាំ ជាប់ចោទពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបរណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តការទូទាត់សងប្រាក់ និងសម្រេចចេញដីកាបង្គាប់ឲ្យចាប់ និងឃុំខ្លួនឈ្មោះនេះ នៅមណ្ឌលអប់រំកែប្រែ(ម២) នៃក្រសួងមហាផ្ទៃ ដើម្បីអនុវត្តទោសតាមអំណាចសាលក្រមព្រហ្មទណ្ឌ តាមមាត្រា៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។ 

តាមប្រភពព័ត៌មានពីសមត្តកិច្ចឲ្យដឹងថា ជនជាប់ចោទ ជាប់ពាក់ពន្ធចេញមូលប្បទានប័តប្រមាណ ២៧ ០០០ ដុល្លារអាមេរិក ដោយគ្មានសាច់ប្រាក់ឲ្យទៅភាគីដើមបណ្តឹង និងបានគេចវេសពីបំណុលនោះ រហូតមានសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារ២ ឆ្នាំ និងមានដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួនទៀតផង ។ ជាក់ស្តែងសមត្តកិច្ចបានអនុវត្តតាមសាល ក្រមនោះ ទើបស្រាវជ្រាវនិងចាប់ខ្លួនជនជាប់ចោទ ដែលបានទៅលាក់ខ្លួនពួនអាត្មានៅខេត្តតាកែវឯណោះ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖