ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម​ ជឿជាក់យ៉ាងមុតមាំថាវិស័យឯកជននឹងរួមគ្នាច្បាមយកប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ

ចែករំលែក៖

ទីក្រុង​អាប៊ុយដាប៊ី៖ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤​នេះ​ បានចូលរួមជាវាគ្មិនក្នុងវេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នៅអគារសភាពាណិជ្ជកម្មអាប៊ុយដាប៊ី ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី​ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង លោក Ahmed bin Ali Al Sayegh រដ្ឋមន្ត្រីថ្នាក់រដ្ឋនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (Minister of State) ។ វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបការឈ្វេងយល់ពីសក្តានុពលធុរកិច្ច និងវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាទៅកាន់ធុរជន និងវិនិយោគិនដែលមានមូលដ្ឋាននៅប្រទេសអេមីរ៉ាតអារ៉ាប់រួម។ 

មានមតិក្នុងបទបង្ហាញ លោក​ សួន​ សុផល​ បានថ្លែងអំណរគុណជូនចំពោះភាគីពាក់ព័ន្ធដែលបានសហការរៀបចំវេទិកាដ៏មានតម្លៃក្នុងខណៈពេលដែលគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីនៃអង្គការពាណិជ្ជកម្មពិភពលោកលើកទី ១៣ ដែលអាចជួយបង្កលក្ខណៈសម្រាប់ជំរុញ និងទាក់ទាញសកម្មភាពវិនិយោគ និងពាណិជ្ជកម្មសំដៅច្បាមយកប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសអេមីរ៉ាតអារ៉ាប់រួម។ 

បន្ថែមពីនេះ លោកក៏បានពិពណ៌នាជូនធុរជន និងវិនិយោគិនដែលមានវត្តមាននាឱកាសនេះអំពីសក្តានុពល និងឧត្តមភាពប្រៀបធៀបរបស់កម្ពុជា ក៏ដូចជាព័ត៌មានចាំបាច់នានាទាក់ទិននឹងកិច្ចសម្រួលវិនិយោគ, កញ្ចប់លើកទឹកចិត្តសម្រាប់គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់, និងសេវាថែទាំវិនិយោគ ដើម្បីជាពុទ្ធិសម្រាប់ជំនួយស្មារតីជូនទៅដល់សមាសភាពចូលរួមក្នុងការគិតគូរពិចារណាអញ្ជើញមកធ្វើការសិក្សាសមិទ្ធិលទ្ធភាព និងបណ្តាក់ទុនវិនិយោគនៅកម្ពុជាក្រោមរូបភាពវិនិយោគដោយផ្ទាល់ ឬជាភាគហ៊ុនិកជាមួយដៃគូ។ 

គួរបញ្ជាក់ជូនផងដែរថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសអេមីរ៉ាតអារ៉ាប់រួមបានចូលជាធរមានកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤៕

ដោយ៖ តារា


ចែករំលែក៖