ព័ត៌មានទាន់ហេតុការណ៍៖

សារាចរ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ

ចែករំលែក៖

ភ្នំពេញ ៖ អនុវត្តតាមស្មារតីអនុក្រឹត្យលេខ០៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០០៦ ស្តីពីការបង្កើតទិវាវប្បធម៌ជាតិ និងស្របតាមទិសស្លោក “កម្ពុជា : ព្រះរាជាណាចក្រនៃវប្បធម៌ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី៣ ខែមីនា ជារៀងរាល់ឆ្នាំសម្រាប់រៀបចំប្រារព្ធ ទិវាវប្បធម៌ជាតិ» នៃព្រះរាជាណាចក្រកម្ពុជា។ ទិវាវប្បធម៌ជាតិ គឺជា ទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបាន លះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ ដ៏សម្បូរបែបនិងមានតម្លៃមិនអាចកាត់ថ្លៃបាន បន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។ ទន្ទឹមគ្នានេះដែរ ទិវាវប្បធម៌ជាតិ ក៏ជាឱកាសដ៏មានតម្លៃដើម្បីចូលរួមបំផុសនូវមនសិការស្រឡាញ់សិល្បៈវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងកេរដំណែលដូនតាជាច្រើនទៀតដែលជាដួងព្រលឹងនិងអត្តសញ្ញាណជាតិ សម្រាប់ប្រជាជនខ្មែរ គ្រប់រូប ក្នុងគោលបំណងធានាឱ្យបាននូវការអភិរក្សនិងអភិវឌ្ឍវប្បធម៌ប្រកបដោយចីរភាព និងបរិយាបន្ន ស្របតាម គោលនយោបាយជាតិស្ដីពីវិស័យវប្បធម៌និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេស យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ដល់ការលើកតម្លៃចំពោះវប្បធម៌អរិយធម៌ជាតិដ៏ឧត្តុង្គឧត្តមនេះ រាជរដ្ឋាភិបាល សម្រេចរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ដោយបន្តរក្សាប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ» ក្នុងគោលបំណងជំរុញទឹកចិត្តប្រជាជនខ្មែរទាំងក្នុងនិងក្រៅប្រទេស ជាពិសេសយុវជនបន្តវេនឱ្យចូលរួមកាន់តែ សកម្មថែមទៀតក្នុងសកម្មភាពវប្បធម៌ជាតិ ដូចជា៖

លើកកម្ពស់ស្មារតីមោទនភាពជាតិ មនសិការស្នេហាជាតិ ភាពជាម្ចាស់នៃកេរដំណែលវប្បធម៌ និងភាព ជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដោយបំផុស ឱ្យប្រជាជនខ្មែរគ្រប់រូបចូលរួមជាកម្លាំងចលករក្នុងកិច្ចអភិរក្ស លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ រួមទាំង វប្បធម៌ចម្រុះរបស់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា ឱ្យបានស្ថិតស្ថេរគង់វង្ស រីកចម្រើន ដោយមិនប្រកាន់នូវនិន្នាការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរ និងជាតិពន្ធ បង្កើនការយល់ដឹងអំពីតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ជាតិដ៏សម្បូរបែប ដែលជាប្រភពមិនចេះរីងស្ងួត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយចីរភាព តាមរយៈការបង្កើតសេវានិងផលិតផលវប្បធម៌ ថ្មីៗ ក្នុងគោលដៅពាណិជ្ជកម្មនិងទេសចរណ៍ ដែលរួមចំណែកដល់ការបង្កើតការងារឱ្យកាន់តែច្រើនដែលជួយបង្កើនប្រាក់ចំណូលនិងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង លើកទឹកចិត្តដល់ស្មារតីសហគ្រិនភាព និងការបង្កើតការងារផ្នែកសិល្បៈវប្បធម៌នៅក្នុងចំណោមយុវជន កម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្មវប្បធម៌និងច្នៃប្រឌិត ដែលជាសក្តានុពលមួយនៃប្រភពកំណើនសេដ្ឋកិច្ចគន្លឹះនិងថ្មីៗ ជាពិសេសតាមរយៈការផ្តល់ឱកាសដល់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យដើម្បីទទួលបាននូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ធានាឱ្យបាននូវការផ្ទេរចំណេះដឹងនិងជំនាញប្រពៃណីដល់យុវជនជំនាន់ក្រោយ ក្នុងគោលបំណង

លើកកម្ពស់ភាពច្នៃប្រឌិតនិងនវានុវត្តន៍នៅក្នុងការងារអភិវឌ្ឍសិល្បៈវប្បធម៌ដោយប្រើបច្ចេកវិទ្យាឌីជីថល ព្រមជាមួយនឹងគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីបង្កើនភាពទាក់ទាញនិងផ្តល់ភាពងាយស្រួលដល់ការចូលរួម ក្នុងសកម្មភាពវប្បធម៌សម្រាប់សាធារណជនទូទៅ ជាពិសេស កុមារ យុវជន ស្ត្រី មនុស្សចាស់ និងជនមាន ពីការភាព ក្រោមទិសស្លោក – សិល្បៈវប្បធម៌សម្រាប់យើងទាំងអស់គ្នា –

លើកស្ទួយកិច្ចសហប្រតិបត្តិការវប្បធម៌ ក្នុងស្មារតីកសាងស្ពានភ្ជាប់ទំនាក់ទំនងពីសង្គមមួយទៅសង្គមមួយ ពីប្រជាជាតិមួយទៅប្រជាជាតិមួយ និងពីប្រទេសមួយទៅប្រទេសមួយ ក្នុងគោលបំណងលើកកម្ពស់ ការយល់ដឹងនិងការគោរពគ្នាទៅវិញទៅមក ដែលនាំមកនូវសាមគ្គីភាព មិត្តភាព សុខដុមរមនា និងសន្តិភាព។

ដើម្បីរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ នេះឱ្យបានកាន់តែទូលំទូលាយនិងផ្សព្វផ្សាយ ឱ្យប្រជាជនកម្ពុជាគ្រប់ស្រទាប់បានយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យនៃទិវានេះ ក៏ដូចជាដើម្បីអាចឱ្យ ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយរលូន រាជរដ្ឋាភិបាលសូមធ្វើការណែនាំដូចតទៅ៖

១- ពេលវេលាសម្រាប់ប្រារព្ធទិវាវប្បធម៌ជាតិ លើកទី២៦ គឺត្រូវបានកំណត់យកចន្លោះចាប់ពីថ្ងៃទី៣ ខែមីនា រហូតដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ក្នុងន័យនេះ ក្រសួង ស្ថាប័ន អង្គភាព និងរដ្ឋបាល ថ្នាក់ក្រោមជាតិត្រូវរៀបចំកម្មវិធីនិងសកម្មភាពគាំទ្រនានា ដើម្បីប្រារព្ធទិវាវប្បធម៌ជាតិ លើកទី២៦ ទាំងនៅទីតាំងផ្ទាល់ និង/ឬនៅលើបណ្តាញសង្គមទៅតាមពេលវេលាសមរម្យណាមួយនៅក្នុងរយៈពេល ដែលបានកំណត់នេះ។

២- ក្រសួងវប្បធម៌និងវិចិត្រសិល្បៈត្រូវរៀបចំឯកសារពាក់ព័ន្ធដើម្បីឃោសនាផ្សព្វផ្សាយអំពីទិវាវប្បធម៌ជាតិ ហើយក៏ត្រូវណែនាំដល់អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិសំបូរព្រៃគុក គ្រប់មន្ទីរ វប្បធម៌និងវិចិត្រសិល្បៈរាជធានី ខេត្ត ឱ្យរៀបចំផ្សព្វផ្សាយសមិទ្ធផលការងារសំខាន់ៗ ពាក់ព័ន្ធនឹង ការអភិរក្ស ការលើកស្ទួយ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់បេតិកភណ្ឌពិភពលោក និងរមណីយដ្ឋានវប្បធម៌នានា រួមទាំងកម្មវិធីផ្សេងៗទៀត ដើម្បីអបអរទិវាវប្បធម៌ជាតិនៅមូលដ្ឋាន របស់ខ្លួន។ ទន្ទឹមគ្នានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈត្រូវសហការជាមួយបណ្តាក្រសួង ស្ថាប័ន អង្គភាព រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការ សមាគម សហគមន៍ និងវិស័យឯកជនដែលកំពុងប្រតិបត្តិការ នៅក្នុងវិស័យវប្បធម៌ ដើម្បីរួមគ្នាធ្វើការផ្សព្វផ្សាយវប្បធម៌ជាតិឱ្យបានទូលំទូលាយនៅក្នុងរយៈពេល នេះផងដែរ។

៣- ក្រសួងព័ត៌មានត្រូវណែនាំដល់បណ្តាញសារព័ត៌មានគ្រប់ប្រភេទរបស់រដ្ឋនិងឯកជនទាំងអស់ចូលរួម ផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវខ្លឹមសារសកម្មភាពពាក់ព័ន្ធនឹងការអបអរទិវាវប្បធម៌ជាតិ។

៤- ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈត្រូវសហការផ្សព្វផ្សាយវប្បធម៌ជាតិ និងខ្លឹមសារទិវាវប្បធម៌ជាតិដល់សិស្ស និស្សិត ព្រមទាំងបំផុសឱ្យមានសកម្មភាពបង្ហាញ និងប្រតិបត្តិ ប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ជាតិ នៅតាមគ្រឹះស្ថានសិក្សាអប់រំរដ្ឋនិងឯកជន។

៥- ក្រសួងទេសចរណ៍ត្រូវផ្សព្វផ្សាយវប្បធម៌ជាតិនិងខ្លឹមសារទិវាវប្បធម៌ជាតិ ដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិតាមរយៈទីភ្នាក់ងារទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានគ្រប់ប្រភេទ ពិសេសស្របតាមកម្មវិធី «ទស្សនាសៀមរាបឆ្នាំ២០២៤»។

៦- ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិត្រូវណែនាំដល់គ្រប់ស្ថានឯកអគ្គរាជទូត ស្ថានអគ្គកុងស៊ុល ស្ថានកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបរទេស និងសហគមន៍ខ្មែរ

នៅបរទេស ឱ្យចូលរួមរៀបចំកម្មវិធីនិងសកម្មភាពនានា ដើម្បីប្រារព្ធទិវាវប្បធម៌ជាតិទាំងនៅទីតាំងផ្ទាល់ តាមបណ្តាញសង្គម និង/ឬតាមមធ្យោបាយផ្សេងៗទៀត។

៧- ក្រសួងធម្មការនិងសាសនាត្រូវបំផុសចលនាព្រះសង្ឃនិងគ្រប់សាសនិកឱ្យរៀបចំកម្មវិធីនិងសកម្មភាពនានា ដើម្បីផ្សព្វផ្សាយវប្បធម៌ជាតិនិងខ្លឹមសារទិវាវប្បធម៌ជាតិ នៅតាមទីអារាម វិហារសាសនា មណ្ឌល វិបស្សនា និងទីសក្ការៈផ្សេងៗ។

៨- ក្រសួងមហាផ្ទៃនិងក្រសួងការពារជាតិត្រូវណែនាំទៅអង្គភាពមូលដ្ឋាន ដើម្បីរក្សាសន្តិសុខនិង សណ្តាប់ធ្នាប់សាធារណៈក្នុងឱកាសប្រារព្ធទិវាវប្បធម៌ជាតិ លើកទី២៦ ឱ្យមានប្រសិទ្ធភាពនិងស្មារតី ទទួលខុសត្រូវខ្ពស់។

៩- រដ្ឋបាលរាជធានី ខេត្តត្រូវចូលរួមជួយឧបត្ថម្ភគាំទ្រដល់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីអាចរៀបចំ កម្មវិធីនិងសកម្មភាពផ្សព្វផ្សាយវប្បធម៌នៅក្នុងដែនដីរបស់ខ្លួន ដោយផ្តោតលើការអប់រំមហាជន ជាពិសេសយុវជន ឱ្យមានស្មារតីកាន់តែមុតមាំថែមទៀតនៅក្នុងការចូលរួមថែរក្សា ការពារ លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ ព្រមទាំងរៀបចំចងបដាពាក្យស្លោកតាមទីសាធារណៈ និងការបិទគំនូរផ្សាយ វប្បធម៌នៅតាមទីតាំងសំខាន់ៗក្នុងដែនរដ្ឋបាលរាជធានី ខេត្តរបស់ខ្លួន។

១០- គ្រប់ក្រសួង ស្ថាប័ន អង្គភាព រដ្ឋបាលថ្នាក់ក្រោមជាតិ សាលារៀន រោងចក្រ សហគ្រាស គេហដ្ឋាន និងសហគមន៍ខ្មែរនៅបរទេសចូលរួមប្រារព្ធ និងអបអរទិវាវប្បធម៌ជាតិ តាមមធ្យោបាយផ្សេងៗដែលមាន ដូចជាការលើកទង់ជាតិ ទង់ជ្វាលា បដាពាក្យស្លោក គំនូរផ្សាយសិល្បៈវប្បធម៌ និង/ឬសកម្មភាព សមរម្យនានានៅទីតាំងរបស់ខ្លួន ក៏ដូចជាតាមបណ្តាញសង្គម។

១១- អ្នកចូលរួមកម្មវិធីនិងសកម្មភាពផ្សព្វផ្សាយដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ទិវាវប្បធម៌ជាតិត្រូវស្លៀកពាក់ សមរម្យតាមបែបប្រពៃណីជាតិ។

ទទួលបានសារាចរនេះ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពនិង ដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ដោយ ៖ សិលា


ចែករំលែក៖